ហ៊ិន ច័ន្ទនីរ័ត្ន រៀបការរួចកាន់តែមានក្ដីសុខ ខណៈអ្នកគាំទ្រកំពុងរង់ចាំដំណឹងទាយាទដំបូង
ពិធីការិនីដ៏ឆ្នើម អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានប្រកាសលាជីវិត Single ក្នុងវ័យជាង ៣០ ឆ្នាំ ដោយសម្រេចចិត្តកាន់ដៃបុរសសង្ហាជាអ្នកមានមុខមាត់ក្នុងសង្គមម្នាក់ឈ្មោះ ឌី ពេជ្រ ចូលរោងការប្រពៃណីកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ដោយពិធីមង្គលការរបស់តារាស្រីរូបនេះ និង ស្វាមី បានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗលំដាប់ប្រទេស ភ្ញៀវកិត្តិយស និង សិល្បករ សិល្បការិនីជាច្រើនកុះករ។
ចាប់តាំងពីរៀបការប្ដូរឈ្មោះពីកញ្ញាក្លាយទៅជាអ្នកនាងមក ហ៊ិន ច័ន្ទនីរ័ត្ន រស់នៅក្នុងជីវិតគូយ៉ាងមានក្ដីសុខ ព្រមជាមួយនឹងជីវភាពធូរធារ ដើរលេងក្រេបទឹកឃ្មុំនៅក្រៅប្រទេស រស់នៅក្នុងវីឡាធំស្កឹមស្កៃ ប៉ុន្ដែមកដល់ពេលនេះ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ហាក់មិនទាន់ប្រកាសដំណឹងល្អ ពាក់ព័ន្ធនឹងរឿងទាយាទដំបូងនៅឡើយ ខណៈកន្លងមកក៏មានលេចដំរួយសង្ស័យខ្លះៗពីមហាជនថា ហ៊ិន ច័ន្ទនីរ័ត្ន ទំនងជិតមានដំណឹងល្អរឿងកូនចៅហើយ។
ដ្បិតថាក្រោយរៀបការរួច ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបែងចែកពេលវេលាមើលថែស្វាមី បំពេញតួនាទីជាភរិយាល្អ មើលថែក្រុមគ្រួសារក៏ពិតមែន ប៉ុន្ដែតារាស្រីរូបនេះ នៅតែបន្តធ្វើការងារក្នុងក្ដីស្រមៃក្នុងនាមជាសិល្បការិនីមួយរូប នៅបម្រើដល់ចំណីចក្ខុទស្សនិកជនអ្នកគាំទ្រ មិនឃ្លាតឆ្ងាយទៅណាឡើយ៕