នេះហើយជាមិត្តភាព! ឌុច លីដា និង ណាក់ខុន ទោះម្នាក់ៗមានប្ដីប្រពន្ធរៀងខ្លួន តែរាប់អានគោរពគ្នាមិនប្រែ
បើយើងក្រឡេកទៅមើលក្នុងវិស័យសិល្បៈ មិនថាផ្នែកចម្រៀង ឬ សម្ដែងទេ កន្លងមកគេបានឃើញអ្នកសិល្បៈច្រើនគូមកហើយ ដែលបានសហការគ្នាចាប់ដៃគ្នាធ្វើជាគូក្នុងសិល្បៈតាមរយៈការផលិតបទចម្រៀងឆ្លើយឆ្លង សកម្មភាពស្និទ្ធស្នាល ឬ ទៅណាមកណាជាមួយគ្នា ធ្វើជាដៃគូក្នុងសិល្បៈដ៏ស័ក្ដិសម រហូតធ្វើឱ្យទស្សនិកជនយល់ថាពួកគេមានទំនាក់ទំទនងល្អនឹងគ្នា អាចឈានដល់រឿងបេះដូងក៏ថាបាន។
ងាកមកទំនាក់ទំនងរវាងតារាសម្ដែងប្រុសស្រីដ៏ល្បី គឺលោក ណាខុន និង អ្នកនាង ឌុច លីដា វិញ អ្នកទាំងពីរគឺជាដៃគូសិល្បៈដ៏ស័ក្ដិសម ហើយបើទោះបីជាមិនស្ថិតនៅក្នុងឆាកសម្ដែងណាមួយ ក៏អ្នកទាំងពីរបង្ហាញសកម្មភាពជិតដិតនឹងគ្នាខ្លាំង លើសពីមិត្តរួមការងារធម្មតា រហូតមកដល់បច្ចុប្បន្ន ណាខុន ក៏មានម្ចាស់បេះដូង ចំណែកឯ ឌុច លីដា ក៏មានស្វាមីមានកូនកូនរៀងខ្លួន ប៉ុន្ដែពួកគេទាំងពីរនៅតែរក្សាចំណងមិត្តភាពរវាងគ្នាមិនសាបសូន្យគួរឱ្យសរសើរ។
បើតាមការសង្កេតកន្លងមក ទោះបីជាបច្ចុប្បន្ន អ្នកទាំងពីរ មានការងារ មានមុខជំនួញ និង មានគ្រួសារត្រូវមើលថែរៀងៗខ្លួន ប៉ុន្ដែជារឿយៗ គ្រួសារទាំងពីរតែងណាត់ជួបគ្នា បង្ហាញការគោរពស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ស្ដែងពីមិត្តភាពដ៏ល្អរវាងគ្នាមិនប្រែប្រួលដដែល៕