ខ្ញីចាស់កាន់តែហឹរ! ក្រុមតារារ៉េបវ័យចំណាស់នៅកូរ៉េ ម្នាក់ៗវ័យជាង ៨០ ឆ្នាំ ប៉ុន្តែផ្ទុះប្រជាប្រិយភាពមិនធម្មតា
តារារ៉េបមួយក្រុមនៅប្រទេសកូរ៉េខាងត្បូង បានក្លាយជាចំណាប់អារម្មណ៍តាមបណ្ដាសារព័ត៌មានជាច្រើនលើបណ្ដាញសង្គម ដោយសារតែក្រុមតារារ៉េបស្រីមួយក្រុមនេះ ម្នាក់ៗគឺមានវ័យមិនក្រោម ៨០ ឆ្នាំនោះឡើយ។
ក្រុមរ៉េប «Suni and the Seven Princesses» គឺជាក្រុមរ៉េបនៃស្ត្រីវ័យចំណាស់ ដែលមានវ័យ ៨០ ឆ្នាំឡើង ដោយពួកគាត់មានសមត្ថភាពអាចតែងនិពន្ធ និង ច្រៀងរ៉េបបានមិនចាញ់យុវវ័យ។ ភាគច្រើននៃចម្រៀងរបស់ក្រុមលោកយាយ គឺច្រៀងរ៉េបពីជីវិតនៅជនបទ ស្រែចំការ។
ក្រុម «Suni and the Seven Princesses» បានក្លាយជាតារារ៉េបដ៏ល្បីប្រចាំតំបន់ ចាប់តាំងតែពួកគាត់សម្ដែងលើកដំបូង នៅមណ្ឌលសហគមន៍ ក្នុងខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។ យ៉ាងណាមិញ ប្រជាប្រិយភាពរបស់ពួកគាត់ បានកាន់តែវិវដ្តទៅមុខ ក្រោយមាន Youtube ផ្ទាល់ខ្លួន ដែលទាក់ទាញអ្នកចូលទស្សនារាប់លានដង។
តាមព័ត៌មាន BBC News បានឱ្យដឹងថា ក្រុម «Suni and the Seven Princesses» ដំបូងឡើយមានអ្នកគាំទ្រត្រឹមប្រមាណ ១៥០ នាក់ប៉ុណ្ណោះ ប៉ុន្តែភាពល្បីល្បាញរបស់ពួកគាត់ បានរីកសុសសាយ លើសពីតំបន់ដែលពួកគាត់រស់នៅទៅទៀត រហូតពួកគាត់ត្រូវបានគេអញ្ជើញទៅសម្ដែងនៅតាមបណ្ដាក្រុងផ្សេងៗ និង ថែមទាំងអញ្ជើញឡើងកម្មវិធីទូរទស្សន៍ទៀត៕