ទីផ្សារភាគហ៊ុន SM ធ្លាក់ចុះខ្លាំង ក្រោយពី Karina សមាជិក Aespa មានចចាមអារ៉ាមស្នេហា
ថ្មីៗនេះ ព័ត៌មានដែលថាតារាចម្រៀងស្រី Karina សមាជិក Aespa កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្ដែងប្រុស Lee Jae Wook ដែលកំពុងបង្កការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្ររបស់តារាទាំងពីរ។
យ៉ាងណាមិញ មកដល់ពេលនេះស្រាប់តែមានរបាយការណ៍បានចុះផ្សាយថា តម្លៃភាគហ៊ុនរបស់ SM Entertainment បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីព័ត៌មានចចាមអារ៉ាមស្នេហារបស់តារាស្រី Karina ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយតម្លៃភាគហ៊ុនបានធ្លាក់ចុះជាង ៣ភាគរយ។
នេះបើតាមការចុះផ្សាយរបស់ទីផ្សារភាគហ៊ុនកូរ៉េ KOSDAQ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថាភាគហ៊ុន SM បានធ្លាក់ ៣.៤៧ ភាគរយ ដែលជាកម្រិតទាបប្រៀបធៀបនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤។
ជាហេតុដែលធ្វើឱ្យមហាជនភាគច្រើនផ្តោតការចាប់អារម្មណ៍ថា ព័ត៌មានចចាមអារ៉ាមស្នេហារបស់ Karina បានជះឥទ្ធិពលខ្លាំង ព្រោះកន្លងមក នាងត្រូវបានគេចាត់ទុកថាជាតារាស្រីវ័យក្មេងនាំមុខគេរបស់ SM ផងដែរ៕