Park Min Young សារភាពថាខ្លួនឯងផ្លាស់ប្តូរខ្លាំង ក្រោយពីមានរឿងអាស្រូវពាក់ព័ន្ធនឹងលុយខ្មៅ
ក្រោយពីទទួលបានប្រជាប្រិយភាពតាមរយៈរឿងភាគ «Marry My Husband» ដែលទើបនឹងចាក់ផ្សាយបញ្ចប់ទៅយ៉ាងរលូន រហូតមកដល់ពេលនេះ តារាសម្ដែងស្រី Park Min Young ស្រាប់តែចេញមកសារភាពថា នាងកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរខ្លួនឯងទៅជា Introvert ជាប្រភេទមនុស្សចូលចិត្តរស់នៅស្ងប់ស្ងាត់តែម្នាក់ឯង។
នេះអាចដោយសារតែ តារាស្រី Park Min Young បានធ្លាប់ជាប់ពាក់ព័ន្ធនឹងចម្រូងចម្រាសក្នុងជីវិតផ្ទាល់ខ្លួន អំឡុងពេលនាងបានទាក់ទងនឹងបុរសជាអ្នកជំនួញម្នាក់ ហើយគាត់បានជាប់ពាក់ព័ន្ធនឹងរឿងក្លែងបន្លំចំណូលចំណាយរបស់ក្រុមហ៊ុន។
មុនពេលដែលតារាស្រីរូបនេះ បានចាប់ផ្តើមថតសម្ដែងជាតួឯកស្រី ក្នុងរឿងភាគកូរ៉េ «Marry My Husband» នាងបានជួបក្នុងរឿងអាស្រូវដែលត្រូវបានគេចោទប្រកាន់ថា បានទទួលប្រាក់ទំនុកបំរ៉ុងពីអតីតមិត្តប្រុសអ្នកជំនួញរបស់នាងជិត ២០ ម៉ឺនដុល្លារ អំឡុងពេលអ្នកទាំងពីរទាក់ទងគ្នា ប៉ុន្តែទោះជាយ៉ាងណា Park Min Young បានចេញមុខបដិសេធព័ត៌មាននេះ ដោយនាងមិនបានពាក់ព័ន្ធនឹងរឿងលុយនោះទេ។
ថ្វីដ្បិតតែ Park Min Young បានទទួលតំណែងជាតួឯកស្រីហើយទទួលបានប្រជាប្រិយភាពខ្លាំងក្នុងរឿងថ្មីរបស់នាងក៏ពិតមែន ប៉ុន្តែជីវិតក្រៅសាច់រឿងរបស់នាងហាក់ដូចជាសោះកក្រោះមិនសូវជារីករាយដូចនាងកាលពីមុន ដោយកែប្រែមនុស្សដែលធ្លាប់សើចកក្អាយមកជាមនុស្សស្ងប់ស្ងាត់យ៉ាងត្រជាក់ស្មានមិនត្រូវ៕