លោក Jin Chao Chun តួប៉ាវចិន បង្ហាញខ្លួនលើកដំបូងរៀបរាប់ទាំងអួល ពីជីវិតធ្លាក់ខ្លួនឈឺធ្ងន់សឹងតែគ្មានសង្ឃឹមរស់
យោងតាមការចុះផ្សាយរបស់ China Times កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនេះបានឱ្យដឹងថា តារាសម្ដែងជើងចាស់ លោក Jin Chao Chun តួអង្គ ប៉ាវចិន ក្នុងរឿង «តុលាការមុខដែក» ដ៏ល្បីល្បាញ ក្នុងឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ លោកមានវ័យ ៧៣ ឆ្នាំហើយ ហើយនេះក៏លើកដំបូងដែលលោកបានបង្ហាញខ្លួនផ្តល់បទសម្ភាស បន្ទាប់ពីសម្រាកវះកាត់ដុំសាច់ក្នុងខួរក្បាល កាលពីឆ្នាំ ២០១៧។
ជាមួយគ្នានោះដែរ តារាប្រុសជើងចាស់រូបនេះ បានរៀបរាប់អំពីជីវិតឆ្លងកាត់ការលំបាកតស៊ូប្រឆាំងនឹងជំងឺប្រចាំកាយរបស់លោក ក្រោយពីការសម្ដែងរឿង «តុលាការមុខដែក» ទទួលបានការគាំទ្រ និង ជោគជ័យយ៉ាងខ្លាំងនឹកស្មានមិនដល់។ ក្រោយមក ការងារក្នុងអាជីពសល្បៈរបស់លោក Jin Chao Chun កាន់តែប្រសើរឡើង ដោយមានការស្រឡាញ់ចូលចិត្តពីសំណាក់មហាជន។
ទោះជាយ៉ាងណា នៅក្នុងឆ្នាំ ២០១៧ លោក Jin Chao Chun ស្រាប់តែធ្លាក់ខ្លួនឈឺដោយសារជំងឺប្រចាំកាយច្រើនមុខ មានដូចជា សម្ពាធឈាមខ្ពស់ ជំងឺលើសជាតិស្ករក្នុងឈាម លើសទម្ងន់ និងជំងឺថប់អារម្មណ៍គេងមិនលក់។ ក្រោយមកលោកបានឈានដល់ការវះកាត់ដុំសាច់ក្នុងខួរក្បាល ហើយសុខភាពកាន់តែធ្លាក់ចុះរហូតមិនអាចថតសម្ដែងបានទៀត។
ថ្វីដ្បិតថា បច្ចុប្បន្ននេះលោក Jin Chao Chun បានឃ្លាតឆ្ងាយពីវិស័យភាពយន្តហើយក៏ដោយ ប៉ុន្តែប្រជាប្រិយភាពការគាំទ្រពីអ្នកគាំទ្រនៅតែមានសម្រាប់លោក ហើយរហូតមកដល់ពេលនេះ លោកបានចំណាយពេលវេលាទាំងអស់មើលថែគ្រួសារតូចរស់នៅយ៉ាងមានសុភមង្គលជាមួយនឹងភរិយា៕