តារាស្រីថៃ ៥ ដួងជំពប់ស្នេហ៍អ្នកសិល្បៈដូចគ្នា រៀបចំមង្គលការអធិកអធមផ្អើលអស់អ្នកគាំទ្រ
ក្នុងរង្វង់សិល្បៈថៃមានតារាប្រុសស្រីច្រើនណាស់ដែលមានទំនាក់ទំនងស្នេហាគ្នា។ ក្នុងនោះមានតារាប្រុសស្រីខ្លះក៏អាចកាន់ដៃគ្នាចូលរោងការសាងគ្រួសារ រីឯគូខ្លះបានបញ្ចប់ទំនាក់ទំនងគ្នាតាំងពីនៅជាសង្សារម៉្លេះ។ ក្នុងចំណោមតារាប្រុសស្រីទាំងនោះ មហាជនហាក់ចាប់អារម្មណ៍នឹងគូស្នេហ៍តារា ៥ គូដែលតស៊ូស្រឡាញ់គ្នារហូតអាចឈានដល់ថ្ងៃចូលរោងការ និង រស់នៅពេញដោយសុភមង្គល។
១. តារាស្រី Margie Rasri និង តារាប្រុស Pok Mindset
ដូចដែលប្រិយមិត្តដឹងហើយថា តារាស្រី Margie Rasri និង លោក Pok Minset គឺជាកំពូលតារាលំដាប់សេដ្ឋីក្នុងប្រទេសថៃ ដែលមានទ្រព្យសម្បត្តិច្រើនស្តុកស្តម្ភចាយមិនអស់។ តារាប្រុស Pok គឺជាកូនសេដ្ឋីលំដាប់អភិជន រីឯតារាស្រី Margie គឺជាកំពូលតារាសម្ដែងស្រីរកចំណូលបានរាប់លានដុល្លារ ដូចនេះជីវិតរបស់តារាស្រីប្រុសទាំងពីរនេះរស់នៅក្នុងភាពហាយសូរស៊ីវិល័យណាស់។ បច្ចុប្បន្ន តារាប្រុសស្រីគូនេះមានកូនចំនួន ២ ទៀត រឹតតែធ្វើឱ្យគ្រួសារមួយនេះរស់នៅមានសុភមង្គលទ្វេដង។
២. តារាស្រី Kimberley និង តារាប្រុស Mark Prin
ក្រោយពីកាន់ដៃគ្នាចូលរោងនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ ហើយក្លាយជាប្តីប្រពន្ធមក គេឃើញតារាសម្ដែងប្រុស Mark Prin និង Kimberley រស់នៅពោរពេញដោយសុខសុភមង្គលជាមួយនឹងក្រុមគ្រួសារតូចរបស់ខ្លួន។ កាលពីតារាប្រុសស្រីទាំងពីរនៅជាសង្សារ គឺតែងតែឃើញរូបភាពផ្អែមល្ហែម លុះរៀបការក្លាយជាប្តីប្រពន្ធហើយរឹតតែផ្អែមល្ហែមជាមួយគ្នាលើសដើម ហើយពេលនេះអ្នកទាំងពីរកំពុងមានគម្រោងយកបុត្រស្នងត្រកូលផងដែរ។
៣. តារាស្រី Gubgib និង តារាប្រុស Bie Kpn
ជឿជាក់ថាប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានស្គាល់មកហើយ នូវគ្រួសារដ៏កក់ក្តៅរបស់តារាសម្តែងប្រុស Bie Kpn ជាមួយនឹងតារាស្រី Gubgib ដែលមកទល់ពេលនេះ ពួកគេក៏ទទួលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ពីរនាក់ជាចំណងដៃទៅហើយ។ សម្រាប់តារាស្រី Gubgib ក្រោយពីរៀបការមានគ្រួសារទៅ នាងតែងតែបានបង្ហាញក្ដីសុខជាលក្ខណៈគ្រួសារបង្ហោះលើបណ្ដាញសង្គមអ៊ីនស្តាក្រាមមិនសូវជាដាច់ឡើយ។
៤. តារាស្រី Nat Myrie និង តារាប្រុស Aum Atichart
រយៈពេល ៩ ឆ្នាំទៅហើយ ដែលកំពូលតារាប្រុសសាច់ដុំធំ Aum Atichart និង តារាចម្រៀងស្រីកំពូលសំឡេង Nat Myria បានចាប់ដៃគ្នាសាងគ្រួសារយ៉ាងកក់ក្តៅ។ ថ្វីដ្បិតតែរៀបការហើយអស់រយៈពេលជាច្រើនឆ្នាំគ្មានកូនក៏ដោយ តែហាក់មិនមែនជារនាំង និង បញ្ហារារាំងក្តីសុខរបស់ស្វាមីភរិយាអ្នកទាំងពីរឡើយថែមទាំងរស់នៅមានសេចក្តីសុខថែមទៀតផង។
៥. តារាស្រី Amy Klinpratoom និង តារាប្រុស C-Siwat
រំឭកដល់ឈ្មោះតារាស្រីរូបស្រស់ Amy ប្រិយមិត្តច្បាស់ជាជ្រាបគ្រប់គ្នាហើយថា នាងជាភរិយារបស់ពិធីករប្រុសកំពូលវោហារ C-Siwat។ បើទោះបីជារៀបការជាង ១០ ឆ្នាំហើយមិនទាន់មានទាយាទស្នងនឹងគេក៏ដោយ តែគូស្វាមីភរិយាអ្នកទាំងពីរនៅតែផ្អែមល្ហែម និង ស្រឡាញ់គ្នាដូចដើម៕