ផ្អើលអ្នកគាំទ្រ! Han Seung Hee ត្រូវប៉ូលិសឃាត់ខ្លួនពីបទឆបោកលុយជាង ៧ ម៉ឺនដុល្លារ
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅលើប្រព័ន្ធផ្សព្វផ្សាយមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលថាតារាចម្រៀងប្រុសកូរ៉េដ៏ល្បីល្បាញគឺលោក Han Seung Hee ត្រូវបានជាប់ចោទពីបទឆបោក និង យកលុយចំនួន ៧១ ០០០ ដុល្លារអាមេរិក ពីអ្នកស្គាល់គ្នា។
យ៉ាងណាមិញ សារព័ត៌មានកូរ៉េបានចុះផ្សាយជាសាធារណៈថា តារាប្រុស Han Seung Hee សមាជិក Monday Kiz អាចនឹងជាប់ពន្ធនាគារពីបទឆបោក ដោយសារតែលោកបានរំលោភទំនុកចិត្ត និង យកលុយពីគ្រូបង្វឹកកាយសម្បទានៅក្លឹបហាត់ប្រាណមួយកន្លែង ដែលតារាប្រុសរូបនេះតែងទៅហាត់ជាញឹកញាប់។
សម្រាប់លុយជាង ៧ម៉ឺននេះដែរ គឺគ្រូបង្វឹករូបនោះបានដាក់ទុនលើអាជីវកម្មជាមួយ Han Seung Hee នៅក្នុងពាក់កណ្តាលឆ្នាំ ២០២២ ។ បន្ទាប់មក តារាប្រុសរូបនេះ បានគេចវេចមិនព្រមសងលុយឱ្យគ្រូបង្វឹករូបនេះវិញ ទើបបានជាជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងតែម្តង។
ទោះជាយ៉ាងណា មកទល់នឹងពេលនេះ ប៉ូលិសមិនទាន់បានបញ្ជាក់ថា លោក Han Seung Hee នឹងរងទម្ងន់ទោសធ្ងន់ឬយ៉ាងណានោះទេ។ គ្រាន់តែដឹងថា ប៉ូលិសបានសម្រេចផ្ទេរសំណុំរឿងរបស់លោកទៅអយ្យការរួចរាល់ហើយ៕