ម្ចាស់លាមកធ្វើឱ្យជះក្លិនចលាចលពេញថ្ងៃប្រគល់ពាន Hanteo Music Awards ចេញមុខសុំទោសជាសាធារណៈហើយ
ហេតុការណ៍ដ៏កម្រមិនធ្លាប់ជួបប្រទះក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Hanteo Music Awards 2024 ដែលបានធ្វើឱ្យមានភាពច្របូកច្របល់យ៉ាងខ្លាំងពេញក្នុងកម្មវិធី ដោយសារតែជះក្លិនស្អុយលាមករបស់អ្នកគាំទ្រម្នាក់ដែលបានមកចាំគាំទ្រអាយដលរបស់ខ្លួន។
ក្រោយពីផ្ទុះការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយ និង ចែករំលែកព័ត៌មានពាសពេញនៅលើបណ្តាញសង្គម បន្ទាប់ពីក្រុមសិល្បករជាច្រើនរូប ទប់ទល់នឹងក្លិនស្អុយសឹងមិនបាន ព្រោះក្លិនស្អុយលាមកនោះសាយភាយគ្រប់ទីកន្លែង។ បើមើលតាមរយៈរូបថតដែលបង្ហោះនៅលើបណ្តាញសង្គម ក៏បង្ហាញឃើញថា តារាប្រុសស្រីនៅទីនោះម្នាក់ៗសឹងទប់ក្អួតមិនចង់បាន។
យ៉ាងណាមិញ ក្រោយពីរឿងចលាចលមួយនេះបានកើតឡើងនៅក្នុងកម្មវិធីដ៏ធំនោះ ក៏ស្រាប់តែបានឃើញគណនី Twitter មួយ បានបង្ហោះសារអះអាងថាខ្លួនជាអ្នកបានជុះប្រឡាក់កៅអីអង្គុយនៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់នោះ។
ជាមួយគ្នានោះដែរ សាមីខ្លួនរូបនេះ បានសុំការអភ័យទោស ដោយកំហុសអចេតនា ហើយខ្លួនមានអារម្មណ៍ថាខុសជាខ្លាំង ដែលបំផ្លាញថ្ងៃដ៏ពិសេសរបស់គ្រប់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បាននិយាយថា នឹងចេញសងថ្លៃបោកសម្លៀកបំពាក់របស់អ្នកណាដែលបានប្រឡាក់លាមករបស់គេ៕