ធ្លាយចចាមអារ៉ាមថា Cecilia Cheung គេចមុខបាត់ពីសិល្បៈ ក្រោយឮដំណឹងមានផ្ទៃពោះ
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅលើប្រព័ន្ធផ្សព្វផ្សាយចិន បានចុះផ្សាយអំពីការបាត់មុខពីសិល្បៈសូន្យឈឹងខុសពីធម្មតារបស់តារាសម្ដែងស្រី Cecilia Cheung ដោយមិនសូវបង្ហាញខ្លួនជាសាធារណៈ សូម្បីតែកម្មវិធីកម្សាន្ត ឬ នៅលើបណ្តាញសង្គមក៏មិនឃើញនោះដែរ។
ជាហេតុដែលធ្វើឱ្យមហាជន ក៏ដូចជាសារព័ត៌មានមួយចំនួនក្នុងប្រទេសចិន កាន់តែសង្ស័យថា តារាស្រីរូបនេះព្យាយាមគេចមុខ ក្រោយពីនាងមានចចាមអារ៉ាមថា កំពុងពពោះកូនទី ៤។
ដោយសារតែកាលពីចុងឆ្នាំ ២០២៣ កន្លងទៅ តារាស្រីរូបនេះ បានបង្ហាញខ្លួនក្នុងកម្មវិធី Live ផ្ទាល់មួយ ហើយចៃដន្យទស្សនិកជនក៏ចាប់អារម្មណ៍ឃើញ ក្បាលពោះរបស់នាងប៉ោងធំប្លែក បើទោះជានាងព្យាយាមស្លៀករ៉ូបរលុងដើម្បីបាំងភ្នែកទស្សនិកជនក៏ដោយ។
យ៉ាងណាមិញ ចាប់តាំងពីមានព័ត៌មានចុះផ្សាយថា នាងកំពុងពពោះកូនទី ៤ មក ស្រាប់តែតារាស្រីរូបនេះ មិនសូវជាបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ និង នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនឡើយ។
ពោលគឺសូម្បីតែថ្ងៃចូលឆ្នាំចិនកន្លងទៅ តារាស្រី Cecilia Cheung ក៏មិនបានមានសកម្មភាពអ្វីនោះដែរ ធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់ព្រោះនាងគឺជាតារាស្រីមួយរូបចូលចិត្តបង្ហោះរូបថតនៅលើបណ្តាញសង្គមពីមុន៕