១៤ កុម្ភៈ រាល់ឆ្នាំគេរីករាយ តែ គូម៉ា បែរជាកម្សត់ ព្រោះដិតដាមអតីតកាលមិនអាចភ្លេច មកដល់ពេលនេះ ១៥ ឆ្នាំហើយ
កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនេះ ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ គេឃើញមានមហាជន និង សិល្បករ សិល្បការិនីជាច្រើន បានចូលរួមបង្ហាញក្តីស្រឡាញ់ទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ ក្រុមការងារ និង គូស្នេហ៍ផងដែរ។
ក្នុងនោះ ក្នុងសង្គមសិល្បៈក៏ដូចគ្នា មានតារាប្រុសស្រីជាច្រើនបានទិញជាបាច់ផ្កា ទិញាកាដូ ជូនជាលុយជូនដល់មនុស្សជាទីស្រឡាញ់ ដើម្បីបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនក្នុងថ្ងៃនេះ ក្រោមរូបភាពមួយយ៉ាងរីករាយ។
ដោយឡែក ងាកទៅកាន់តារាចម្រៀង គូម៉ា វិញ ទន្ទឹមនឹងក្តីរីករាយ រៀងរាល់ឆ្នាំនៅថ្ងៃទី ១៤ កុម្ភៈ ក៏ជាថ្ងៃសោកសៅមិនអាចបំភ្លេចបានរបស់លោកនោះដែរ ពោលគឺជាថ្ងៃគម្រប់ខួបនៃការចាកចេញរបស់ឪពុកលោក។
ក្នុងឆ្នាំ ២០២៤ នេះ លោក គូម៉ា បានបង្ហាញអារម្មណ៍សោកសៅរៀបរាប់ថា ៖ «១៤ កុម្ភៈ ដូចរាល់ឆ្នាំ កូនតែងតែទៅវត្តធ្វើបុណ្យជូនវិញ្ញាណក្ខន្ធលោកពុក ហើយថ្ងៃទី ១៤ កុម្ភៈ ឆ្នាំនេះ គឺ ១៥ ឆ្នាំហើយ ដែលលោកពុកចាកចេញទៅគ្មានថ្ងៃត្រឡប់។ អ្នកម៉ែ និង កូនៗនៅតែនឹកដល់ក្ដីស្រឡាញ់ និង មហាគុណរបស់លោកគ្មានថ្ងៃបំភ្លេចបាននោះទេ។ ម្សិលមិញ កូនបានធ្វើរឿងសប្បុរសធម៌មួយដើម្បីជួយដល់កុមារកំព្រាក្នុងខេត្តស្វាយរៀង ហើយថ្ងៃនេះកូនបានទៅវត្តយកចង្ហាន់ប្រគេនជូនព្រះសង្ឃ និង ធ្វើបុណ្យជូនលោកពុក។ សប្បុរសធម៌ អំពើល្អ និង បុណ្យកុសល ដែលកូនបានធ្វើ កូនសូមឧទ្ទិសឱ្យបានដល់ដួងវិញ្ញាណលោកពុកកុំបីឃ្លៀងឃ្លាតផង! Miss u so much dad»៕