មិនខ្វល់ភ្នែកមហាជនមើលបែបណា Kris Shen សុខចិត្តចោលជីវិតសិល្បៈទៅលក់មាន់តាមផ្សារ
តារាសម្ដែងប្រុសតៃវ៉ាន់ Kris Shen ដែលត្រូវគេស្គាល់ថាជាតួសម្ដែងប្រុសក្នុងរឿង Spider Lilies ក្នុងឆ្នាំ ២០០៧ និង Memory Love ឆ្នាំ ២០១៧ ដែលរឿងទាំងពីរនេះបានជួយឱ្យលោកមានឈ្មោះបទសំឡេង និងការគាំទ្រពីសំណាក់ទស្សនិកជន។
ថ្វីដ្បិតថា លោក Kris Shen មិនមែនជាតារាល្បីល្បាញខ្លាំងក្នុងសិល្បៈក៏ដោយ ប៉ុន្តែលោកនៅតែមានការគាំទ្រពីទស្សនិកជនជាច្រើនដែលពេញចិត្តក្នុងការសម្ដែងរបស់លោក នាពេលកន្លងមក។
ទោះជាយ៉ាងណា អ្វីដែលធ្វើឱ្យអ្នកនិយមលេងនៅលើ Instagram មានការភ្ញាក់ផ្អើលខ្លាំងនោះ គឺពេលដែលបានឃើញរូបថតថ្មីៗរបស់លោក កំពុងឈរលក់មាន់នៅផ្សារទឹក។ ក្នុងនោះដែរ លោកក៏បានបង្ហើបប្រាប់ថា លោកបានបើកអាជីវកម្មលក់មាន់ជាង ៣ ខែមកហើយ ដោយចំណូលដែលរកបានក្នុងមួយខែ លោកចំណេញពីការលក់បានប្រហែល ៦៤០ ដុល្លារ។
លើសពីនេះ លោក Kris Shen ថែមទាំងនិយាយថា លោកមិនបានខ្វល់ពីភ្នែកមហាជនចាត់ទុកលោកជាអ្នកណាក្នុងភ្នែកពួកគេនោះទេ។ អ្វីដែលសំខាន់ពេលនេះ គឺលោកហ៊ានចេញបើកអាជីវកម្មផ្ទាល់ខ្លួនដើម្បីក្រពះ ដោយបានសម្រេចចិត្តលាឈប់ពីការថតសម្ដែងរឿងក្នុងឆ្នាំ ២០២២៕