រៀនចប់អនុបណ្ឌិតផ្នែកច្បាប់ មិនចូលបម្រើរាជការ Mario នៅបន្តដើរតាមបេះដូងធ្វើជាតារាសម្ដែង
អ្នកដែលបានតាមដានរឿងជីវិតសិល្បៈកម្សាន្តតារាថៃច្បាស់ជាបានស្គាល់ជាក់ជាពុំខានតារាសម្ដែងជួរមុខស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ លោក Mario Maurer ដែលជាបច្ចុប្បន្នកំពុងតែមានទំនាក់ទំនងនឹងតារាសម្ដែងស្រី Junji។
បើនិយាយពីសមត្ថភាពផ្នែកសិល្បៈ បងប្អូនក្នុង និង ក្រៅប្រទេសតែងលាន់មាត់សរសើរអ្នកកំលោះរូបនេះណាស់ ព្រោះថាក្រៅពីមានរូបរាងមុខមាត់សង្ហាពីកំណើតហើយ ទេពកោសល្យសិល្បៈគឺមានពេញខ្លួនមិនថាច្រៀង សម្ដែង និង បង្ហាញម៉ូដឡើយ។
ដ្បិតថាឃើញជាតារាសម្ដែងមានទេពកោសល្យសិល្បៈមែន តែអ្នកកំលោះ Mario មិនបានបញ្ចប់ការសិក្សាផ្នែកសិល្បៈឡើយ។ ដោយឡែក ក្នុងថ្នាក់មហាវិទ្យាល័យលោកបានជ្រើសរើសជំនាញប្រព័ន្ធផ្សព្វផ្សាយសារគមនាគមន៍ និង បានបន្តថា្នក់អនុបណ្ឌិតផ្នែកច្បាប់ ជំនាញវិទ្យាសាស្ត្រនយោបាយ។
អាចនិយាយបានថាតារាប្រុសរូបនេះគឺជាបញ្ញវន្តមួយរូបដែលមានសមត្ថភាពច្រើន ទាំងចំណេះដឹងក្នុងសាលា និង ជំនាញសិល្បៈ។ យ៉ាងណាមិញ ទោះបីរៀនបានខ្ពស់ផ្នែកច្បាប់មែនតែអ្នកកំលោះរូបនេះមិនបានចូលខ្លួនធ្វើការក្នុងជួររាជការឡើយ គឺលោកនៅតែបន្តអាជីពសិល្បៈរបស់លោកដដែល៕