![Park Yoochun រៀបចំកម្មវិធីជំនួបអ្នកគាំទ្រនៅជប៉ុន ក្រោយហាមឃាត់មិនឱ្យចូលសិល្បៈកូរ៉េ](https://www.popular.com.kh/wp-content/uploads/2024/02/BeBe-12-02-24-04.jpg)
Park Yoochun រៀបចំកម្មវិធីជំនួបអ្នកគាំទ្រនៅជប៉ុន ក្រោយហាមឃាត់មិនឱ្យចូលសិល្បៈកូរ៉េ
កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ អតីតតារាសម្ដែងប្រុស Park Yoochun បានរៀបចំកម្មវិធីជំនួបអ្នកគាំទ្រ និង កម្មវិធីជួបជុំញ៉ាំអាហារពេលល្ងាច ដើម្បីអបអរសាទរខួបលើកទី ២០ ធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
យ៉ាងណាមិញ ក្នុងកម្មវិធីនោះ អតីតសមាជិក JYJ បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទស្សនិកជននៅលើបណ្តាញសង្គម។ ហើយម្នាក់ៗបានសម្ដែងការភ្ញាក់ផ្អើលចំពោះការបង្ហាញខ្លួន និង ភាពផ្លាស់ប្តូររបស់តារាប្រុសរូបនេះ ខណៈពេលដែល Yoochun បានឈរនៅលើឆាកសំណេះសំណាលជាមួយនឹងក្រុមអ្នកគាំទ្ររបស់លោក។
គួររំឭកផងដែរថា កាលពីឆ្នាំ ២០១៩ លោក Park Yoochun ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ បន្ទាប់ពីបានចេញពីឃុំ លោកក៏ត្រូវបានគេហាមឃាត់មិនឱ្យបង្ហាញមុខវិស័យកម្សាន្តក្នុងប្រទេសកូរ៉េ ដូច្នេះហើយទើបបានជាលោកស្រវាយកឱកាសស្តារមុខមាត់នៅក្រៅប្រទេសវិញ ក្នុងនាមជាតារាសិល្បៈទោល៕