ស្ងាត់ៗ! អ៊ុន អាលីហ្សា មកលេងស្រុកខ្មែរ ក្រោយទៅរស់នៅអាមេរិកជុំប្តីជុំកូនជាង ២ ឆ្នាំ
បើគិតមកដល់ពេលនេះ រយៈពេលជាង ២ ឆ្នាំហើយ ដែលតារាចម្រៀង និង សម្តែង អ៊ុន អាលីហ្សា បានដឹកដៃកូនស្រីហោះទៅកាន់ទឹកដីសហរដ្ឋអាមេរិកជួបជុំស្វាមី ក្រោយពីបានបែកគ្នាតាំងពីនាងពពោះបានជាង ១ ខែមកម្ល៉េះ។
ក្រោយពីទៅដល់សហរដ្ឋអាមរិក រស់នៅជួបជុំប្តីប្រពន្ធ និង កូនស្រីយ៉ាងពេញលេញវិញហើយនោះ តារាចម្រៀងស្រីរូបនេះហាក់កាន់តែបង្ហាញភាពផ្អែមល្ហែម និង មានសុភមង្គលកាន់តែខ្លាំងឡើងលើទឹកដីប្រាក់ដុល្លារនោះ។ លើសពីនេះ ពេលទៅដល់ទីនោះ មិនត្រឹមតែបានជួបជុំគ្រួសារ ចាយជីវិតដើរកម្សាន្តយ៉ាងរីករាយនោះទេ អ្នកនាង អ៊ុន អាលីហ្សា ក៏បានជួយមើលការរកស៊ីរបស់ស្វាមី និង ក្លាយជាថៅកែហាងនំដូណាត់ទៀតផង។
ទៅដល់ទឹកដីអាមេរិកបានជាង ២ ឆ្នាំ អ្នកនាង អ៊ុន អាលីហ្សា ក៏ធ្លាប់បានបង្ហើបដែរថា នាងនឹងមកលេងប្រទេសកម្ពុជាយ៉ាងយូរជាង ១ ឆ្នាំទៀត ក៏ព្រោះនាងកំពុងគិតគូរយកកូនទី ២។
យ៉ាងណាមិញ ស្រាប់តែនៅដើមខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ស្រាប់តែឃើញវត្តមានអ្នកនាង អ៊ុន អាលីហ្សា នៅតុញុំាអាហាររួមគ្នាជាមួយនឹងលោក ករុណា ពេជ្រ អ្នកនាង កុល ដាវី និង លោក សុខ រក្សា ក្នុងទីក្រុងភ្នំពេញ ពោលគឺអ្នកនាងត្រឡប់មកលេងស្រុកកំណើតយ៉ាងស្ងប់ស្ងាត់។
ដោយឡែក ក្រោយឃើញរូបភាពដោយបង្ហោះឡើងលើគណនីហ្វេសប៊ុក លោក ករុណា ពេជ្រ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ថា អ្នកនាង អ៊ុន អាលីហ្សា មកលេងកម្ពុជា ក្រោយចាកចេញទៅរស់នៅអាមេរិកជាមួយស្វាមីជាង ២ ឆ្នាំមកនេះ មើលទៅនាងកាន់តែស្រស់ស្អាតជាងមុនទៅទៀត។ លើសពីនោះ អ្នកគាំទ្រក៏សង្ឃឹមថា នឹងឃើញវត្តមានតារាស្រីរូបនេះ ក្នុងកម្មវិធីកម្សាន្តណាមួយឆាប់ៗផងដែរ៕