ក្តៅៗ! Zheng Shuang ឆ្លើយតបនឹងរឿងអាស្រូវគេចមិនសងលុយ រត់ទៅរស់នៅអាមេរិក
ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈធំ ទីបំផុត អតីតតារាសម្ដែងស្រី Zheng Shuang បានបង្ហោះសារឆ្លើយតបនៅលើបណ្តាញសង្គម Instagram ផ្ទាល់របស់នាង ជុំវិញរឿងរ៉ាបដែលផលិតករបានចោទប្រកាន់នាងថាយកលុយយ៉ាងច្រើនរត់គេចទៅរស់នៅសហរដ្ឋអាមេរិក ដើម្បីគេចការសងសំណងថ្លៃខូចខាតរឿងមិនបានចាក់ផ្សាយ។
យ៉ាងណាមិញ កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៤ តារាស្រីរូបនេះបាននិយាយថា នាងអាណិតដល់ក្រុមគ្រួសារនាងណាស់ ដែលធ្វើឱ្យពួកគេពិបាកទាំងផ្លូវកាយ និង ផ្លូវចិត្ត។ កន្លងមក នាងធ្លាប់គិតរកវិធីដើម្បីមានឱកាសរកការងារធ្វើដើម្បីសងបំណុលគេតាមសាលក្រមតុលាការដែរ ប៉ុន្តែបច្ចុប្បន្ន ឱកាសមិនទាន់មានសម្រាប់នាង ធ្វើឱ្យទល់គំនិតទាំងអស់មិនអាចរកលុយសងបាន។
លើសពីនេះ នាងបាននិយាយរៀបរាប់ថា៖ «ខ្ញុំអស់លុយ គ្មានសល់ទ្រព្យអ្វីនោះទេ ហើយជំពាក់បំណុលគេទៀត ចាប់តាំងពីមានរឿងអាស្រូវ។ សព្វថ្ងៃនេះ ខ្ញុំអត់ការងារធ្វើ រស់ពឹងតែប្រាក់ខែចូលនិវត្តន៍របស់ឪពុកម្ដាយខ្ញុំ»។
ក្នុងនោះដែរ នាងថែមទាំងនិយាយទៀតថា៖ «ខ្ញុំអត់មានសល់ទ្រព្យ ៣២ ៣៧០ ០០០ ដុល្លារអាមេរិក ដូចដែលព័ត៌មានបានចុះផ្សាយនោះទេ ប្រសិនខ្ញុំមានលុយច្រើនបែបនេះមែន ខ្ញុំចាំបាច់រស់នៅវេទនា និង នាំខ្លួនឱ្យពិបាកជាប់ខ្លួនក្នុងរឿងបំណុលធ្វើអ្វី? រាល់ថ្ងៃខ្ញុំរស់នៅសហរដ្ឋអាមេរិក ទាំងពិបាក សូម្បីតែប្រាក់ចំណូលក៏អត់មាន»៕