គួរឱ្យសរសើរ! ជានារីតែសមត្ថភាពខ្លាំងច្រៀងរ៉េបយ៉ាងឡូយ នេះហើយជា Rapper នារីជំនាន់ថ្មី ៤ រូប ដ៏មានទេពកោសល្យ
ជាការពិតវិស័យតន្ត្រីនៅក្នុងប្រទេសកម្ពុជាហាក់មានសន្ទុះកាន់តែខ្លាំងនៅក្នុងពេលបច្ចុប្បន្នស្ទើរតែគ្រប់ចង្វាក់ មិនថាបែបកន្ត្រាក់អារម្មណ៍ មនោសញ្ចេតនានោះឡើយ។ លើសពីនោះ បើនិយាយពីចង្វាក់រ៉េបក៏ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវតារាចម្រៀងរ៉េបស្រករក្រោយចំនួន ៥ រូប ដែលកំពុងផ្ទុះការចាប់អារម្មណ៍ និង មានទេពកោសល្យមិនធម្មតាក្នុងការច្រៀងចង្វាក់រ៉េប ៖
១. តី
តារាចម្រៀងរ៉េបជំនាន់ក្រោយ តី ម្ចាស់បទ «វាយម៉ាលុយ» ដែលគេស្គាល់ថាផ្តើមចេញជាអ្នករាំរបស់អ្នកនាង មាស សុខសោភា នោះ ក៏មិនធម្មតាដែរ។ ក្រោយពីចាប់ផ្តើមចេញចម្រៀងខាងលើជាលើកដំបូង ដោយមានការរ៉េបយ៉ាងពីរោះនោះ តី ក៏បានក្លាយជាតារាចម្រៀងអាជីពហើយនោះ។ បច្ចុប្បន្ន តី ក៏បានចេញបទចម្រៀងជាបន្តបន្ទាប់ ជាចង្វាក់រ៉េបផងដែរ។
២. រ៉ក់ហ្សី
តារាចម្រៀងរ៉េបជំនាន់ថ្មី រ៉ក់ហ្សី ដែលផ្ទុះការល្បីល្បាញពីការប្រកួតកម្មវិធី The Rapper Cambodia រដូវកាលទី ១ រូបនេះ ក៏មិនធម្មតានោះទេ។ បើទោះជាមិនបានទទួលពាន តែ រ៉ក់ហ្សី ទទួលបានពាន Fan Favorite ពីការបោះឆ្នោតរបស់អ្នកគាំទ្រ។ ក្នុងនោះ ក្រោយពីបានក្លាយជាតារាចម្រៀងរ៉េបស្រីជំនាន់ក្រោយហើយ រ៉ក់ហ្សី បានបង្ហាញនូវស្ទីលច្រៀងរ៉េបមិនធម្មតានោះដែរ។
៣. 2LIP
មិនខុសពី រ៉ក់ហ្សី នោះឡើយ 2LIP តារាចម្រៀងរ៉េបស្រីជំនាន់ថ្មីរូបនេះ បើមិនបានទទួលបានជ័យលាភីក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី ១ ក្តី តែនាងបានបោះជំហានយ៉ាងមានប្រជាប្រិយភាពនាពេលនេះ។ មិនត្រឹមតែប៉ុណ្ណោះ 2LIP ក៏ទើបតែចេញចម្រៀងថ្មីមានចំណងជើងថា «កិលេស ២» ទទួលបានការគាំទ្រយ៉ាងខ្លាំង។
៤. YungLady
បើទោះជាមិនជ្រកក្រោមផលិតកម្មណាក៏ពិតមែន តែ YungLady ត្រូវបានមហាជនចាប់អារម្មណ៍ និង សរសើរពីការនិពន្ធ ព្រមទាំងច្រៀងរ៉េបយ៉ាងមានទេពកោសល្យ។ ក្នុងនោះ YungLady រមែងនិពន្ធ និង រ៉េបពីរឿងរ៉ាវនៃតថភាពសង្គមមកបង្ហាញផងដែរ៕