វិលមកកាន់ម៉ៃក្រូជាថ្មីមិនយូរប៉ុន្មាន ណូលី ប្រកាសដំណឹងមួយ ធ្វើឱ្យអ្នកគាំទ្រទន្ទឹងមើលផ្លូវទាំងអន្ទះសា
មហាជននិយមតាមដានការងារសិល្បៈរបស់តារាចម្រៀង Original Song លោក ណូលី ច្បាស់ជាបានជ្រាបហើយថាប្រមាណ ២ ឆ្នាំ ចុងក្រោយនេះ លោកហាក់ស្ងប់ស្ងាត់លើឆាកតន្ត្រីធំៗ ដោយត្រឹមតែបង្ហាញស្នាដៃនិពន្ធចម្រៀង និង ច្រៀងបង្ហោះនៅលើបណ្តាញសង្គមនានាប៉ុណ្ណោះទេ។
យ៉ាងណា នៅដើមឆ្នាំ ២០២៤ នេះ លោក ណូលី បានវិលត្រឡប់មកកាន់វិថីសិល្បៈពេញលេញជាថ្មីជាមួយនឹងរូបរាងដ៏សង្ហា ដោយលោកបានស្រកគីឡូជាងមុនមើលទៅពិតជាប្លែក។ លើសពីនោះ ក្រឡេកទៅមើលសកម្មភាពការងារច្រៀងរបស់លោក ណូលី ក៏ហាក់មានទីផ្សារខ្លាំងដូចមុនទៀតផង។
ជាក់ស្តែងៗ ថ្មីៗនេះលោកបានបង្ហាញវត្តមានក្នុងការច្រៀងតាមបណ្តាហាងល្បីៗជាបន្តបន្ទាប់ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកគាំទ្ររបស់លោក ដែលទៅចូលរួមមើលការបង្ហាញវត្តមានជាថ្មីរបស់ Idol ក្នុងចិត្ត។
យ៉ាងណាក្រោយសម្រុកទីផ្សារសិល្បៈជាថ្មី ស្រាប់តែថ្មីៗនេះ ណូលី បានបង្ហោះសារធ្វើឱ្យអ្នកគាំទ្រជ្រួលចិត្តជាខ្លាំង ដោយលោកអះអាងថា បើមានការគាំទ្រច្រើននៅតែបន្តបែបនេះ ថ្ងៃមុខលោកនឹងមិនខ្លាចក្នុងការរៀបចំការប្រគំតន្ត្រីនោះទេ។
ក្នុងនោះ លោក ណូលី បានរៀបរាប់ថា៖ «អនាគតល្បីមិនល្បី មិនសំខាន់ទេ! សំខាន់ឱ្យតែគ្រប់ Event មានមនុស្សពេញៗអស់តុ Sold out រហូតបែបនេះ ខ្ញុំខ្លាចអីនឹងធ្វើ Concert»៕