តួឯកប្រុសទាំង ៥ រូបនេះ ធ្លាប់មានអ្នកចាត់ការតែមួយ ហើយស្និទ្ធគ្នាដូចបងប្អូនទៀត
បើនិយាយពី A Supachai គឺជាកំពូលអ្នកចាត់ការមួយរូប ដែលអាចនិយាយបានថាមានតារាសម្ដែងជាច្រើនរូបនៅក្នុងការគ្រប់គ្រងរបស់លោកសុទ្ធតែទទួលបានការស្រឡាញ់ និង គាំទ្រពីមហាជនជាខ្លាំង។
យ៉ាងណាសម្រាប់តារាសម្ដែងប្រុស ៥ រូបនេះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ A Supachai ហើយពួកគេទាំង ៥ នាក់ ពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់នាពេលកន្លងមក ចង់ដឹងមានតារាសម្ដែងប្រុសរូបណាខ្លះ? តស់! មកដឹងជាមួយ «ប្រជាប្រិយ» ទាំងអស់គ្នា។
១. លោក Weir Sukollawat
តួឯកប្រុសប្រចាំប៉ុស្ដិ៍លេខ ៧ លោក Weir Sukollawat បានឈានជើងចូលវិស័យសិល្បៈជាតារាសម្ដែងតាំងពីឆ្នាំ ២០០៦ ហើយការចូលប្រឡូកក្នុងវិស័យសិល្បៈនេះ ព្រោះតែការផ្ដល់ឱកាសពី A Supachai ខណៈ Weir ពេលនោះកំពុងស្ថិតនៅខេត្តខនកេននៅឡើយ។ សម្រាប់ពេលបច្ចុប្បន្ន Weir មិនមែនជាតារាសម្ដែងដែលគ្រប់គ្រងដោយ A Supachai ទៀតនោះទេ។
២. លោក Mario Maurer
ចំពោះតួឯកប្រុស Mario វិញក៏មិនខុសពីលោក Weir Sukollawat ប៉ុន្មានឡើយ ដោយឈានជើងចូលវិស័យសិល្បៈមួយនេះដោយសារ A Supachai ជាអ្នកនាំ Mario ឱ្យចូលប្រឡូកក្នុងវិស័យមួយនេះ ក្រោយមកក៏សម្រេចចិត្តមិនបានបន្តនៅក្រោមការគ្រប់គ្រងរបស់ A Supachai ទៀតឡើយ តែអ្នកទាំងពីរនៅតែរាប់អានគ្នាធម្មតា។
៣. លោក Ken Phupoom
តារាសម្ដែងប្រុស Ken Phupoom ដែលពេលនេះជាតារាសម្ដែងឯករាជមួយរូប ក៏ធ្លាប់ជាតារាសម្ដែងដែលនៅក្រោមការគ្រប់គ្រងរបស់ A Supachai អស់ជាច្រើនឆ្នាំផងដែរ មុនសម្រេចចិត្តមិនបន្តនៅក្រោមការគ្រប់គ្រងរបស់ A Supachai តទៅមុខទៀត។
៤. លោក Nadech
តួឯកប្រុសថ្ពាល់ខួច Nadech ធ្លាប់បាននិយាយពីការប្រឡូកក្នុងវិស័យសម្ដែងថា ៖ «ថ្ងៃដំបូងដែលខ្ញុំបានជួប A Supachai ខ្ញុំមិនបានគិតថាគាត់មកល្អទេ បែរជាគិតថាតិចគាត់បោកខ្ញុំទៅ តែក្រោយមកខ្ញុំបានឱ្យលេខទូរស័ព្ទម្ដាយខ្ញុំ ហើយពួកគាត់ទាំងពីរនាក់ក៏បាននិយាយគ្នា ព្រោះតែបែបនេះហើយទើបខ្ញុំមានដូចសព្វថ្ងៃនេះ ក៏ដោយសារតែ A Supachai ដែរ»។
៥. លោក James Ma
សម្រាប់ James Ma វិញ កាន់តែមិនបានគិតថាចង់ក្លាយជាតារាសម្ដែងឡើយ តែក៏ទទួលបានឱកាសនេះ ក្រោយរូបគេបានជួប A Supachai ហើយក៏អាចនិយាយបានថា James Ma ទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពី A Supachai ដែលតែងតែផ្ដល់ជាកម្លាំងចិត្ត និង ជំរុញឱ្យតួឯកប្រុសរូបនេះជម្នះរាល់ឧបសគ្គនាពេលរូបលោកបានចាប់ផ្ដើមនូវអាជីពជាតារាសម្ដែងដំបូងៗ។
ដោយឡែក បើនិយាយពីភាពស្និទ្ធស្នាលរបស់តារាសម្ដែងទាំង ៥ រូបនេះវិញ គឺ A Supachai តែងតែនិយាយរហូតថា ពួកគេរស់នៅបែបជាបងជាប្អូននឹងគ្នា ហើយស្រឡាញ់រាប់អានគ្នាណស់។ ក្នុងនោះ បើត្រឡប់ទៅកាលពី ៩ ឆ្នាំមុន អ្នកទាំង ៥ ក៏ធ្លាប់មានការប្រគ្រំតន្ត្រីដ៏ធំជាមួយគ្នាផងដែរ៕