(វីដេអូ) ភរិយា នី រតនា ថាពពោះកូនលំបាកយ៉ាងណាក៏អាចស៊ូបាន ព្រោះបានស្វាមីយល់ចិត្តតាមថ្នាក់ថ្នមគ្រប់បែបយ៉ាង
បើនិយាយពីជីវិតគ្រួសាររបស់តារាចម្រៀងប្រុស នី រតនា និង ភរិយា កាន់តែមានក្ដីពេញទី ខណៈកំពុងតែត្រៀមទទួលសមាជិកថ្មី ដែលជាទាយាទភ្លោះ ២ នាក់ទៀត ដោយភរិយារបស់តារាប្រុសរូបនេះ គ្រប់ខែកៀកថ្ងៃសម្រាលហើយ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។
យ៉ាងណាមិញ អ្វីដែលមហាជនអ្នកគាំទ្រតែងចាប់អារម្មណ៍ និង សរសើរខ្លាំងចំពោះជីវិតគ្រួសារដ៏មានសុភមង្គលមួយនេះ ព្រោះតែងឃើញលោក នី រតនា បង្ហាញនូវការបំពេញតួនាទីជាស្វាមី និង ប៉ាដ៏សែនល្អ មើលថែថ្នាក់ថ្នម គ្រប់បែបយ៉ាងចំពោះប្រពន្ធ ជាពិសេសចាប់តាំងពីប្រពន្ធពពោះកូនទី ១ មកដល់ពពោះលើកទី ២ នេះ។
ជាក់ស្ដែង ថ្មីៗនេះ ខណៈភរិយារបស់តារាប្រុសរូបនេះ គឺអ្នកនាង ហេង សុវណ្ណភក្តិណា ជិតដល់ថ្ងៃសម្រាលកូនភ្លោះទាំងពីរ ក៏បានឃើញអ្នកនាងបង្ហាញវីដេអូ និង សារនិយាយទៅកាន់ស្វាមីបណ្ដូលចិត្ត បង្ហាញចិត្តស្ងប់ស្ងែងសរសើរពីទឹកចិត្តជាស្វាមី និង ជាប៉ាដ៏ល្អ មើលថែប្រពន្ធកូនគ្រប់បែបយ៉ាង ដែលអ្នកនាងពោលថាទោះពពោះពិបាកយ៉ាងណាក៏ស៊ូបាន ព្រោះមានស្វាមីយល់ចិត្ត ដឹងទុក្ខធុរៈគ្រប់យ៉ាង។
ក្នុងនោះ អ្នកនាង ហេង សុវណ្ណភក្តិណា បានសរសេររៀបរាប់ថា ៖ «ពពោះលំពាកយ៉ាងណា ក៏ស៊ូបាន ព្រោះមានស្វាមីដែលយល់ចិត្ត យល់ ទុក្ខធុរៈភរិយាគ្រប់បែបយ៉ាង អរគុណបងដែលស្រឡាញ់ និងមើលថែអូនមិនប្រួលប្រែ @Ny Ratana»។
ទន្ទឹមនឹងនោះ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចមិត្តក្នុងសិល្បៈ បានសម្ដែងនូវចិត្តរំភើបជំនួសគ្រួសារដ៏កក់ក្ដៅនេះ ព្រមទាំងជូនពរឱ្យគ្រួសារតូចរបស់អ្នកនាង និង ស្វាមីកាន់តែទទួលបានសុភមង្គលផងដែរ៕