ចៀរវៃ យំសស្រាក់ ចង់ទិញពេលវេលាមកវិញ ព្រោះស្ដាយមិនបានមើលថែអ្នកមានគុណដិតដល់
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីតៃវ៉ាន់ Ruby Lin បានបង្ហាញខ្លួនចូលរួមជាតារាកិត្តិយសពិសេសក្នុងកម្មវិធី «Our Wonderful Life» ដោយបានផ្តល់បទសម្ភាសពីជីវិតពិតរបស់នាង និងថែមទាំងបាននិយាយអំពីបំណងប្រាថ្នារបស់ខ្លួនក្នុងឆ្នាំ ២០២៤ នេះផងដែរ។
ក្នុងបទសម្ភាសនោះ Ruby Lin បាននិយាយថា នាងចង់នាំម្តាយ និង ប្អូនប្រុស ដើរកម្សាន្តនៅកន្លែងដែលពួកគាត់មិនធ្លាប់បានទៅលេងពីមុន ហើយចង់បង្កើតអនុស្សាវរីយ៍ល្អៗស្រស់ស្អាតទុកជាការចងចាំ ដូចកាលនាងនៅពីក្មេង។
បន្ទាប់មកទៀត នាងក៏បាននិយាយទាំងទឹកភ្នែកថា មុនពេលនាងមិនទាន់រៀបការ នាងតែងនាំឪពុកម្ដាយដើរលេងជារៀងរាល់ឆ្នាំ ប៉ុន្តែចាប់តាំងពីរៀបការហើយ នាងបែរមកយកចិត្តទុកដាក់មើលថែគ្រួសារតូចរបស់នាង និងមិនបានចំណាយពេលច្រើនលើអ្នកមានគុណទេ។
អំឡុងពេលបទសម្ភាសនោះ តារាស្រីរូបនេះកាន់តែយំខ្លាំងឡើង ដោយនិយាយថា នាងភ្ញាក់ខ្លួនពេលដែលឮពាក្យសម្តីម្ដាយនាងនិយាយមកកាន់នាង ពេលដែលនាងសួរគាត់ថា «ហេតុអ្វីបានជាម៉ាក់មានស្កូវច្រើនម្ល៉េះ?» ហើយភ្លាមនោះ ម្ដាយរបស់នាងបានតបថា៖ «យើងអាយុ ៧២ឆ្នាំហើយ ម្ដាយឯងចាស់ហើយ ឯងមិនដឹងទេ»។
គ្រាន់តែបានឮសម្តីទាំងនេះ Ruby Lin និយាយទាំងអួលដើម-កថា ពេលនោះហើយទឹកភ្នែកនាងចាប់ផ្តើមស្រក់ នឹកស្តាយស្រណោះពេលវេលាដែលកន្លងហួសច្រើន មិនបានមើលថែអ្នកមានគុណដិតដល់៕