ស្ងាត់ៗ តារាស្រីវ័យក្មេង ជី ឈីងលីន បង្ហាញចំណងស្នេហ៍យ៉ាងស្អិតល្មួតនឹងតារាចម្រៀង ស៊ុន វេហា
មហាជនអ្នកគាំទ្រសុទ្ធសឹងតែបានស្គាល់ហើយពីតារាសម្ដែងស្រីវ័យក្មេង ជី ឈីងលីន ដែលត្រូវជាចៅស្រីរបស់តារាកំប្លែងជើងចាស់ នាយកុយ បើនិយាយពីវិស័យសម្ដែងរបស់នាង តែងត្រូវបានមហាជនចាប់អារម្មណ៍ និង សរសើរខ្លាំងជាមួយសមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការសម្ដែងភាពយន្ត ដែលធ្លាប់លេចមុខក្នុងខ្សែភាពយន្តខ្មែរជាច្រើនកន្លងមកតាំងពីវ័យក្មេងៗមក។
យ៉ាងណាមិញ មកដល់ពេលនេះ ជី ឈីងលីន កាន់តែធំពេញរូបពេញរាង ក្លាយទៅជានារីដ៏ស្រស់សោភាម្នាក់ ដោយក្តោបបានតំណែង BA ជាច្រើនសម្រាប់ផលិតផលថែសម្រស់ផ្សេងៗ និង កាន់តែទទួលបានការចាប់អារម្មណ៍លើអាជីពសិល្បៈរបស់នាងទៀតផង។
ដោយឡែក ក្រៅពីវិស័យសិល្បៈ ថ្មីៗនេះ ជី ឈីងលីន ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងពីជីវិតឯកជនរបស់នាង ខណៈបានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់នាង បានបើកបង្ហាញពីទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងប្រុសរូបសង្ហា ស៊ុន វេហា ដែលក្នុងនោះឃើញថាអ្នកទាំងពីរបានសាងស្នេហ៍ជាមួយគ្នារយៈពេលជាងកន្លះឆ្នាំមកហើយ។
ទន្ទឹមនឹងនោះដែរ ក្រោយឃើញបែបនេះមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងតែចាប់អារម្មណ៍ចែករំលែក និង បង្ហាញការអបអរចំពោះចំណងស្នេហ៍របស់អ្នកទាំងពីរផងដែរ៕