ល្ងាចថ្ងៃចូលរោងការ សុវត្ថិឌី ធារីកា មិនភ្លេចនឹករឭកដល់ឪពុកម្ដាយដែលចែកឋាន
ជាការពិតណាស់ ថ្ងៃនេះជាថ្ងៃចូលរោងជ័យ របស់តារាចម្រៀង សុវត្ថិឌី ធារីកា និង កូនកំលោះ ពូ សុផានិត ដោយថ្ងៃកំណត់ពិធីអាពាហ៍ពិពាហ៍ នឹងប្រព្រឹត្តនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ ស្អែកនេះ។
ក្នុងថ្ងៃពិសេសរបស់តារាចម្រៀងស្រីរូបនេះដែរ មហាជនអ្នកគាំទ្រមានក្តីរំភើបចិត្តយ៉ាងខ្លាំង ដោយពួកគេបានចូលរួមអបអរសាទរដល់រូបនាងគ្រប់គ្នា ដែលអាយដូលក្នុងដួងចិត្តរបស់ពួកគេ បានជួបនូវជីវិតគូដ៏ល្អអាចឱ្យនាងពឹងពាក់ និង ផ្តល់ភាពកក់ក្តៅក្នុងជីវិតឡើងវិញ។
ទន្ទឹមថ្ងៃជ័យសិរីមង្គលរបស់ សុវត្ថិឌី ធារីកា នឹងមកដល់នៅថ្ងៃស្អែកនេះ ក្នុងថ្ងៃចូលរោងជ័យ ថ្ងៃនេះ ធារីកា មានក្តីនឹករឭកដល់ប៉ាម៉ាក់ដែលបានចែកឋានទៅជាពន់ពេក ដោយនាងបានបង្ហោះរូបភាពអ្នកមានគុណទាំងពីរភ្ជាប់ជាមួយសំណេរដ៏សែនសោកសៅនៅលើផេកផ្លូវការរបស់ខ្លួនថា៖ «ជាពេលវេលាដែលប៉ាម៉ាក់ចង់បាន និងចង់ឃើញកូនទាំងពីរមានក្ដីសុខ ហើយប៉ាម៉ាក់ចូលចិត្តសប្បាយរីការាយ រាប់ញាតិណាស់។ ក្ដីស្រលាញ់របស់ប៉ាម៉ាក់គឺមិនប្រែប្រួល ថ្ងៃនេះជាថ្ងៃចូលរោងជ័យរបស់កូនៗ ហើយថ្ងៃស្អែកក៏ជាពេលវេលាល្អសំរាប់ក្រុមគ្រួសារយើងទាំងពីរ ។ សូមម៉ាក់ប៉ាកុំបារម្ហ ព្រោះម៉ាក់និងប៉ា គាត់អាណិតស្រលាញ់កូនៗនិងប្អូនណាស់ អ៊ីចឹងសូមប៉ាម៉ាក់ងាកក្រោយអោយពរកូនៗ ជួបតែសុភមង្គល និងជួបតែមនុស្សល្អៗ »៕