ផ្អើលបណ្ដាញសង្គមនៅចិន! ធ្លាយចចាមអារ៉ាមថា Cecilia Cheung ជះលុយចាក់មេជីវិតបំពេញបំណងយកកូនទី ៤
ថ្មីៗនេះ អ្នកនិយមលេងនៅលើបណ្តាញសង្គម Weibo នៅប្រទេសចិន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមានព័ត៌មានបានចុះផ្សាយថា តារាសម្ដែងស្រី Cecilia Cheung កំពុងមានផ្ទៃពោះកូនទី ៤។
តារាស្រីរូបនេះ ត្រូវបានគេដឹងថា បានចំណាយលុយផ្ទាល់ខ្លួនរាប់សិបម៉ឺនដុល្លារ ដើម្បីចាក់មេជីវិតឈ្មោលពីបុរសដែលមានសុខភាពល្អ យកហ្សែនមានគុណភាពខ្ពស់ទាំងអស់ បន្ទាប់ពីនាងចង់បំពេញបំណង ដែលចង់បានកូនស្រី។
លើសពីនេះ កាលពីខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ក៏ធ្លាប់លេចឮព័តមានថា តារាស្រីរូបនេះ បាននិយាយថា នាងបានប្រកាសលុបចោលកាលវិភាគការងារសិល្បៈទាំងអស់ ដោយសារតែមានបញ្ហាសុខភាព ហើយក៏មិនបានប្រាប់ហេតុផលច្បាស់លាស់នោះដែរ។
យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៀត គឺមុនពេលលេចឮចចាមអារ៉ាមមានផ្ទៃពោះនេះ តារាស្រីវ័យ ៤៣ឆ្នាំរូបនេះ ក៏ធ្លាប់បានផ្តល់បទសម្ភាសនៅក្នុងកម្មវិធីទូរទស្សន៍ថា៖ «ខ្ញុំគិតថាមានកូន ៣ នាក់នៅតិចទេ បើតាមគំនិតខ្ញុំ ខ្ញុំចង់មានកូនម្នាក់ទៀត ហើយកូនទី ៤ នោះគឺជាកូនស្រី»។
ទោះជាយ៉ាងណាក៏ដោយ ចចាមអារ៉ាមលេចឮថានាងកំពុងមានផ្ទៃពោះ កូនទី ៤ នេះ Cecilia Cheung នៅមិនទាន់ចេញមុខនិយាយបញ្ជាក់ឱ្យច្បាស់ នៅឡើយនោះទេ៕