![បុព្វេចារមក! ភិន សុដាលីស និង គូដណ្ដឹងបែកគ្នាច្រើនឆ្នាំ តែចុងក្រោយនៅតែត្រឡប់មកជាគូនឹងគ្នាម្ដងទៀត](https://www.popular.com.kh/wp-content/uploads/2024/01/11-22.jpg)
បុព្វេចារមក! ភិន សុដាលីស និង គូដណ្ដឹងបែកគ្នាច្រើនឆ្នាំ តែចុងក្រោយនៅតែត្រឡប់មកជាគូនឹងគ្នាម្ដងទៀត
សម្រាប់អ្នកមេម៉ាយកូនមួយ ភិន សុដាលីស និង គូស្នេហ៍វ័យក្មេង បានដឹងដៃគ្នាចូលពិធីភ្ជាប់ពាក្យរួចមកហើយ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ដោយមានការចូលរួមពីក្រុមគ្រួសារទាំងសងខាង និង មិត្តភក្តិអ្នកសិល្បៈជាច្រើនផងដែរ។
ដោយឡែកកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ ភិន សុដាលីស បានបង្ហោះវីដេអូនៅក្នុងគណនី TikTok របស់ខ្លួនដោយភ្ជាប់ជាមួយសារយ៉ាងខ្លីតែមានអត្ថន័យយ៉ាងពេញលេញដែលបញ្ជក់ពីចំណងស្នេហ៍របស់អ្នកទាំងពីរថា៖ «ច្រើនឆ្នាំកន្លងទៅ ទោះយូរប៉ុណ្ណាចុងក្រោយនៅតែជួបគ្នា»។
លើសពីនេះ ភិន សុដាលីស ក៏បានភ្ជាប់រូបថតជាមួយគូដណ្ដឹងកាលលពីមុនផងដែរ។ ក្នុងនោះ ក៏ឃើញមានមហាជនអ្នកគាំទ្ររបស់ ភិន សុដាលីស បានបញ្ចេញមតិជាច្រើន ដោយភាគច្រើនបាននិយាយថា គូព្រេងមិនព្រាត់ គូព្រេងមិនព្រាត់ពិតមែន ជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់ និង ពាក្យពេចន៍ជាច្រើនទៀតដែលចូលរួមអមអរអ្នកទាំងពីរផងដែរ៕