ផ្អាកសិល្បៈជាង ២ ឆ្នាំ ពេលនេះ តាប៊ុយ ប្រកាសចូលប្រឡូកអាជីពដើមវិញ កាន់កម្មវិធីដដែល
ពិតណាស់ បើនិយាយពីពិធីករដ៏ឆ្នើមប្រចាំប្រទេស និង មានប្រជាប្រិយភាព តាប៊ុយ កាលពីអំឡុងឆ្នាំ ២០២១ កន្លងទៅ បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីលោកបានប្រកាសដើរចេញពីស្ថានីយ៍ទូរទស្សន៍ MYTV ក្រោយពីបានរួមការងារនៅក្នុងទ្រនំនោះ អស់រយៈពេលជាង ១៣ ឆ្នាំកន្លងមក។
ជាមួយនឹងការចាកចេញនេះ តាប៊ុយ ក៏បានធ្វើការបញ្ជាក់ពីមូលហេតុយ៉ាងច្បាស់លាស់ទាក់ទិននឹងការសម្រេចចិត្តដើរចេញទាំងក្រៀមក្រំ ក៏ព្រោះតែលោក ចង់មានពេលវេលាផ្ទាល់ខ្លួន ដែលលោកមានអារម្មណ៍ហត់នឿយ ចង់សម្រាកលំហែខួរក្បាលខ្លះ រកសេចក្ដីសុខឱ្យខ្លួនឯង ដើម្បីជាកាដូសម្រាប់ខ្លួនឯង។
យ៉ាងណាមិញ ប៉ុន្មានឆ្នាំមកនេះ ខណៈផ្អាកពីការងារសិល្បៈ គេសង្កេតឃើញថាលោកបានសំងំប្រើជីវិតឯកជនយ៉ាងរីករាយ ធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសជាញឹកញាប់យ៉ាងអភិជន ព្រមទាំងបានផ្ដោតលើមុខជំនួញអនឡាញរបស់ខ្លួនផងដែរ។
ដោយឡែក ថ្មីៗកន្លងទៅនេះ តាប៊ុយ ធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញ លោកប្រកាសវិលចូលសិល្បៈជាពិធីករ និង ផលិតករវិញ ព្រមទាំងកំពុងត្រៀមរៀបចំគំនិតថ្មីលើកម្មវិធីចាស់ «ពេញចិត្តឬអត់» ផងដែរ។ ក្នុងនោះ តាប៊ុយ បានបង្ហោះរូបភាពភ្ជាប់ជាមួយសារថា ៖ «យឺតបន្តិច តែកម្មវិធីយើងមានគុណភាព ចាំបន្តិចណាហ្វេនៗ ខាងផ្នែកទីផ្សារកំពុងសម្រុករក sponsors ហើយ»៕