ស្វាមីល្អ! រៀបការបានជាងមួយខែ Kenneth Ma គិតគូររឿងចំណូលចំណាយ ពេលមានកូននៅថ្ងៃអនាគត
កាលពីចុងខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ គូស្នេហ៍តារាសម្ដែងហុងកុង Kenneth Ma និង Roxanne Tong បានដឹកដៃគ្នាចូលរោងការ នៅឯកោះសាមុយ ប្រទេសថៃ ដោយមានការចូលរួមពីក្រុមគ្រួសារ និង មិត្តជិតស្និទ្ធប៉ុន្មាននាក់ ដែលពិធីធ្វើឡើងប្រកបដោយភាពសប្បាយរីករាយបំផុត។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កំពូលតារាសម្ដែងទាំងពីរ ក៏បានរៀបចំពិធីកាត់ចំណងដៃ ដើម្បីជួបជុំមិត្តភក្តិ និងក្រុមគ្រួសារនៅហុងកុងម្ដងទៀត។
សម្រាប់ពិធីជប់លៀងកាត់ចំណងរបស់ Kenneth Ma និង Roxanne Tong គឺបានធ្វើឡើងនៅឯសណ្ឋាគារ chi-chi Peninsula កាលពីថ្ងៃ ទី ១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ដោយមានរៀបចំតុបតែងលម្អផ្កាស្រស់រីកស្អាតទាក់ភ្នែកបំផុត។
បើងាកទៅមើល កូនកំលោះកូនក្រមុំវិញ ក៏បានតុបតែងខ្លួនយ៉ាងខ្ញង់ ស្រស់ស្អាត និង ស្រស់សង្ហា ក្នុងឈុតពណ៌ស ប្រៀបដូចជាព្រះរាជបុត្រ និង ព្រះនាង ហើយពិសេសជាងនេះទៅទៀតនោះ គឺនំអាពាហ៍ពិពាហ៍របស់ពួកគេ រចនាមកយ៉ាងទាក់ទាញ មានឆ្លាក់អក្សរ R&K តំណាងឱ្យឈ្មោះរបស់អ្នកទាំងពីរផងដែរ។
អ្វីដែលធ្វើឱ្យមហាជន អ្នកគាំទ្រកាន់តែរំភើបទៀតនោះ គឺថាក្រោយពីពិធីមង្គលការបានបញ្ចប់ទៅយ៉ាងរលូន Kenneth Ma ក៏បានគិតគូររួចជាស្រេច អំពីអនាគតជាមួយនឹងភរិយាថ្មីថ្មោង ដោយលោកបានទម្លាយថា លោកត្រៀមខ្លួនបង្កើតគ្រួសារតូចដ៏មានសុភមង្គលមួយ។ Kenneth បាននិយាយថា៖ «នៅពេលពួកយើងមានកូនទៅថ្ងៃអនាគត គឺត្រូវចំណាយលុយច្រើន ដោយមានគម្រោងទិញផ្ទះ ហើយឥឡូវនេះ យើងត្រូវប្រឹងប្រែងធ្វើការសន្សំលុយ បន្ទាប់ពីយើងបានចំណាយលើការរៀបចំពិធីមង្គលការ។ ឥឡូវនេះ ខ្ញុំនឹងពិចារណាវិញ អំពីរឿងចំណូលចំណាយ»៕