តារាចម្រៀងប្រុសជើងចាស់ ៥ រូប ល្បីតែច្រៀងចង្វាក់ធម្មតាៗពីរោះខ្លាំង តែយូរៗឆ្មក់ចេញបទរ៉េបម្តង ផ្ទុះការគាំទ្រ
ខណៈពេលវិស័យចម្រៀងរ៉េបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យ គេសង្កេតឃើញមានតារាជើងចាស់មួយចំនួន បានផ្លាស់ប្តូរស្ទីលទៅច្រៀងចង្វាក់រ៉េបបន្ថែមពីប្រភេទបទចម្រៀងដែលខ្លួនបានច្រៀងកន្លងមក ហើយរាល់ពេលចេញច្រៀងនោះម្តងៗ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង ផ្ទុះការគាំទ្រមិនស្ទើរទេ។
១. លោក ព្រាប សុវត្ថិ
បើនិយាយពីកំពូលតារាចម្រៀងប្រុសស្រុកខ្មែរ គ្មាននរណាម្នាក់ដែលថាមិនស្គាល់តារាចម្រៀងលោក ព្រាប សុវត្ថិ ឡើយ។ តាំងពីប្រឡូកអាជីពច្រៀងដើមទសវត្សរ៍ឆ្នាំ ១៩៩០ មក លោកក៏ទទួលបានប្រជាប្រិយភាពមកទល់បច្ចុប្បន្ននេះ។ សឹងតែគ្រប់ទម្រង់ និង ចង្វាក់នៃបទចម្រៀង គឺត្រូវបានកំពូលតារាចម្រៀង ព្រាប សុវត្ថិ បកស្រាយស្ទើរគ្មានសល់។ យ៉ាងណាមិញ ស្របនឹងសម័យកាលថ្មីដែលមហាជនចាប់អារម្មណ៍នឹងចម្រៀងបែបរ៉េបនោះ លោក ព្រាប សុវត្ថិ បានបន្ថែមសមត្ថភាពក្នុងបទប្រភេទនេះទៀត ដោយកាលពីដើមឆ្នាំ ២០២១ កន្លងទៅ លោកបានឆ្មក់ចេញបទចម្រៀងរ៉េបមួយបទមានចំណងជើងថា «Gang Gang» ឃើញថាប្លែកអារម្មណ៍មួយបែប ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។
២. លោក ខេមរៈ សិរីមន្ត
ប្រឡូកអាជីពសិល្បៈជាង ២០ ឆ្នាំ លោក ខេមរៈ សិរីមន្ត ត្រូវបានគេចាត់ទុកជាតារាចម្រៀងប្រុសម្នាក់ស្ថិតក្នុងជួរ Superstar ដែលទទួលបានការស្រឡាញ់ និង គាំទ្រពីអ្នកគាំទ្រ។ បើនិយាយពីទឹកដមសំឡេងរបស់តារាប្រុសរូបនេះវិញ មិនថាចង្វាក់បែបណានោះទេ គឺលោកអាចច្រៀងបាន ហើយមានភាពយ៉ាងពីរោះថែមទៀត។ បន្ថែមពីលើអ្វីដែលលោកធ្លាប់ច្រៀង កន្លងមកលោកក៏ធ្លាប់ចេញបទរ៉េបជាច្រើនផងដែរ ហើយចុងក្រោយនេះបទ ៖«Call Me Pa Pa» ដែលកំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំង។
៣. លោក សុគន្ធ ថេរ៉ាយុ
បើនិយាយពីតារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ វិញ ក៏មិនធម្មតាដែរ។ មហាជនធ្លាប់តែឃើញតារាប្រុសរូបនេះច្រៀងបទចម្រៀងបែបមនោសញ្ចេតនា និង ញាក់បែបធម្មតាៗ តែកាលពីចុងឆ្នាំ ២០២៣ កន្លងទៅ លោកបានចេញបទចម្រៀងចង្វាក់រ៉េបមួយបទដែលមានចំណងជើងថា «No Time To Play» ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាខ្លាំង។ ជាមួយគ្នានោះ បទ «No Time To Play» ក៏ទទួលបានការពេញចិត្តពីមហាជនមិនតិចដែរ។
៤. លោក ខាន់ ជេមស៍
បន្ថែមពីលើអ្វីដែលខ្លួនធ្លាប់បានច្រៀង ថ្មីៗកន្លងទៅនេះតារាចម្រៀង ខាន់ ជេមស៍ ក៏បានចេញបទចម្រៀងរ៉េបដែរ ពោលគឺនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ តារាចម្រៀងរូបនេះ រួមនឹងកូនប្រុសបានចេញបទចម្រៀងមួយបទជាចង្វាក់ញាក់ និង មានការរ៉េបផង មានចំណងជើងថា «Boy Loy»។ អាចនិយាយបានថាបទចម្រៀងបែបនេះគឺបទពិសោធថ្មីហើយសម្រាប់តារាប្រុស ខាន់ ជេមស៍ ព្រោះកន្លងមកលោកតែងតែច្រៀងបទមនោសញ្ចេតនា កម្រនឹងមានបទបែបរ៉េបណាស់។
៥. លោក អ៊ីណូ
បើនិយាយពីតារាចម្រៀងលោក អ៊ី ណូ ក៏មិនខុសអ្វីពីតារាចម្រៀងទាំង ៤ ខាងលើដែរ។ តារាចម្រៀងសំឡេងបែបសម្រែករាជសី អ៊ីណូ ក៏បានងាកមកចេញបទរ៉េបដើម្បីវាយបំបែកទីផ្សារសិល្បៈខ្លួនដែរ ដោយនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ តារាប្រុសរូបនេះបានបញ្ចេញបទចម្រៀងមួយបទមានចំណងជើងថា «Talk Shit»។ តាមរយៈបទនេះ អ៊ីណូ បានច្រៀងរ៉េបយ៉ាងឡូយ ហើយគ្រាន់តែបទនេះចេញភ្លាម មហាជនក៏មានការភ្ញាក់ផ្អើលមិនតិចដែរ៕