Park Min Young បង្ហាញខ្លួនញញឹមពព្រាយ ចំពេលមានរឿងចចាមអារ៉ាមចូលដៃយកលុយសង្សារចាស់
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Park Min Young កំពុងមានរឿងចម្រូងចម្រាសជាមួយនឹងការសង្ស័យថា នាងបានទទួលលុយផ្គត់ផ្គង់ពីសង្សារចាស់ជិត ២ម៉ឺនដុល្លារអាមេរិក ប៉ុន្តែតារាស្រីរូបនេះ បានបដិសេធភ្លាមៗ ហើយថែមទាំងបញ្ចេញសារនៅលើបណ្តាញសង្គមផ្ទាល់របស់នាងថា៖ «ខ្ញុំធុញនឹងអ្វីៗទាំងអស់ តែខ្ញុំជឿថាការពិតអាចឈ្នះ ឥលូវនេះខ្ញុំរឹងមាំអាចការពារខ្លួនឯងបាន អរគុណអ្នកគាំទ្រដែលស្រឡាញ់ និង បារម្ភពីខ្ញុំ»។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ តារាសម្ដែងស្រីរូបនេះ បានបង្ហាញខ្លួននៅចំពោះមុខសារព័ត៌មានជាសាធារណៈយ៉ាងជឿជាក់ និង មានទំនុកចិត្ត ហើយការបង្ហាញខ្លួននេះ គឺចង់បង្ហាញថាពាក្យចចាមអារ៉ាមដែលបានផ្សព្វផ្សាយនោះមិនអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍នាងទេ។
គួរបញ្ជាក់ផងដែរថា Dispatch បានចុះផ្សាយថា តារាសម្ដែងស្រី Park Min Young បានទទួលលុយពីសង្សារចាស់នាងជិត ២ម៉ឺនដុល្លារអាមេរិក ដោយសារតែគេរកឃើញលោក Kang Jong Hyun ត្រូវបានផ្ទេរទៅក្នុងគណនីផ្ទាល់ខ្លួនរបស់ Park Min Young ក្នុងការចំណាយលើការរស់នៅ។
ទោះជាយ៉ាងណា ក្រោយពីព័ត៌មានបានចុះផ្សាយ Hook Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ Park Min Young បានចេញមកបដិសេធថា៖ «Park Min Young ត្រូវបានចូលផ្តល់ចម្លើយក្នុងនាមជាសាក្សីក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ដោយសារតែ Kang Jong Hyun បានខ្ចីឈ្មោះរបស់នាងដើម្បីជួញដូរមូលបត្រ ប៉ុន្តែនាងមិនបានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយឡើយ។ រីឯចំនួនទឹកប្រាក់ជិត ២ម៉ឺនដុល្លារអាមេរិកនោះ គឺដោយសារតែ Kang Jong Hyun បានប្រើគណនីរបស់ Park Min Young សម្រាប់ប្រតិបត្តិការ តែវាមិនមែនជាលុយសម្រាប់ផ្គត់ផ្គង់នាងនោះទេ»៕