ក្លាយជាកូនប្រសាសេដ្ឋីស្រុកថៃ Shin Joo Ah បែររងពាក្យមើលងាយថា រៀបការព្រោះលុយ
អាចនិយាយបានថា តារាសម្ដែងស្រីកូរ៉េ Shin Joo Ah ជាមនុស្សស្រីដែលមានសំណាងបំផុត ដែលអាចមានវាសនារៀបការចូលក្នុងគ្រួសារត្រកូលអភិជនលំដាប់ប្រទេសថៃ ដោយនាងបានរៀបការជាមួយនឹងកូនកំលោះជាកូនប្រុសម្ចាស់ក្រុមហ៊ុនថ្នាំលាបដ៏ធំក្នុងប្រទេសថៃ កាលពីឆ្នាំ ២០១៤។
យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ តារាស្រីកូរ៉េរូបនេះក៏បានមករស់នៅក្នុងប្រទេសថៃ ជាមួយនឹងស្វាមីរបស់នាងដែលមានអាជីវកម្មក្នុងដៃជាច្រើន និងជាម្ចាស់ JBP International Paint – Shin ជាក្រុមហ៊ុនធំក្នុងប្រទេសថៃផងដែរ។
ទោះជាយ៉ាងណា ការរៀបការចូលក្នុងគ្រួសារសេដ្ឋីលំដាប់ប្រទេសថៃ តារាស្រី Shin Joo Ah មិនបានទទួលការអបអរសាទរពីក្រុមអ្នកគាំទ្ររបស់នាងនោះទេ។ នេះបើតាមការនិយាយរៀបរាប់ពីជីវិតនាង បន្ទាប់ពីនាងបានរៀបការជាមួយនឹងកូនសេដ្ឋី តាមរយៈក្នុងកម្មវិធីកម្សាន្ត «Taxi» របស់ TVN។
ខណៈជជែកផ្តល់សម្ភាសជាមួយនឹងពិធីករក្នុងឡានតាក់ស៊ី ពេលនោះហើយតារាស្រីរូបនេះ បានរៀបរាប់ទាំងអារម្មណ៍ឈឺចាប់ព្រោះពាក្យគេថានាងរៀបការដើម្បីលុយ។
ក្នុងនោះ Shin Joo Ah បាននិយាយថា នាងតែងតែគិតវិជ្ជមានពេលដែលគេនិយាយមកលើនាងបែបនេះ ហើយនាងបានសង្កត់ធ្ងន់ថា នាងស្រឡាញ់ស្វាមីរបស់នាងមិនមែនព្រោះលុយរបស់គាត់ ប៉ុន្តែដោយសារតែទឹកចិត្តល្អរបស់គាត់។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានសំណូមពរឱ្យអ្នកគាំទ្រនាងពីមុន មេត្តាកុំមានគំនិតរើសអើងមកលើនាង៕