តារាស្រីកូរ៉េ ៥ រូប មានឆ្អឹងអណ្តែត បានរៀបការជាមួយស្វាមីជាសេដ្ឋី ម្នាក់ៗកាន់តែក្លាយជាអ្នកមានមិនបាច់ប្រឹង
ជឿថាប្រិយមិត្តជាអ្នកគាំទ្រវិស័យរឿងភាគ K-drama ប្រហែលជាមានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែធ្លាប់តែឃើញតារាស្រីទាំង ៥ រូបនេះ ថតសម្ដែងក្នុងសាច់រឿងបែបរ៉ូមែនទិច និង ភាគបញ្ចប់បានរៀបការជាមួយនឹងតួឯកប្រុសដ៏ល្អគ្រប់ដប់មានទាំងរូបសង្ហា និង ទ្រព្យធន។
ទស្សនិកជនមួយចំនួនមិនទាន់បានដឹងទេថា តារាស្រីកូរ៉េទាំង ៥ រូបនេះ ក៏មានជីវិតពិតយ៉ាងពេញបរិបូរផងដែរ ដោយតារាស្រីទាំងនេះបានរៀបការចូលក្នុងគ្រួសារលំដាប់សេដ្ឋីប្រចាំប្រទេសក្រាលលើគំនរមាសប្រាក់ មិនចាញ់នៅក្នុងសាច់រឿងដែលពួកគេបានថតសម្ដែងនាពេលកន្លងមកនោះទេ។
១. តារាសម្ដែងស្រី Jun Ji Hyun
Jun Ji Hyun ជាតារាស្រីមួយរូបដែលមានអ្នកគាំទ្រទូទាំងប្រទេសកូរ៉េខាងត្បូង ហើយនាងក៏ជាតារាស្រីដែលរស់នៅចាយជីវិតយ៉ាងសម្បូរបែបបំផុត។ ចំណែកឯស្វាមីរបស់នាង គឺជានាយកប្រតិបត្តិរបស់ធនាគារមួយនាំមុខគេក្នុងប្រទេសកូរ៉េ និង ជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Alpha Assets។
២. តារាសម្ដែងស្រី Soo Hyun
Soo Hyun ជាតារាកូរ៉េដែលមានឈ្មោះអង់គ្លេសហៅថា Claudia Kim ហើយនាងមានភាពល្បីល្បាញ បន្ទាប់ពីបានដើរតួសម្ដែងហូលីវូដនៅក្នុងរឿង Avengers: Age of Ultron និង Fantastic Beasts: The Crimes of Grindelwald។ តារាស្រីរូបនេះ បានរៀបការជាមួយនឹងស្វាមីជាអ្នកជំនួញជនជាតិអាមេរិកដើមកំណើតកូរ៉េ ដែលធ្លាប់ជាអ្នកគ្រប់គ្រងទូទៅនៃ WeWork Korea។
៣. តារាសម្ដែងស្រី Han Chae Young
Han Chae Young ទទួលបានប្រជាប្រិយភាពការគាំទ្រខ្លាំង បន្ទាប់ពីនាងបានសម្ដែងក្នុងរឿងភាគ Delightful Girl Chun-hyang ក្នុងឆ្នាំ ២០០៥។
យ៉ាងណាមិញ មកដល់ឆ្នាំ ២០០៧ តារាស្រីរូបនេះក៏បានរៀបការជាមួយនឹងអ្នកជំនួញជនជាតិអាមេរិកដើមកំណើតកូរ៉េ ដែលមកពីគ្រួសារអ្នកមានទ្រព្យ។ រីឯស្វាមីរបស់នាង ត្រូវបានគេស្គាល់ថាអនុប្រធានក្រុមហ៊ុន Medcare Korea និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា HBK។
៤. តារាសម្ដែងស្រី Lee Si Young
Lee Si Young គឺជាតារាស្រីម្នាក់ដែលចូលចិត្តលេងច្រើនជាងគេនៅលើបណ្តាញសង្គម និង មានអ្នកតាមដានច្រើនជាង ១០លាននាក់នៅលើ Tiktok ជាចំនួនអ្នកតាមដានច្រើនគេផងដែរ។ ចំណែកឯស្វាមីរបស់នាង គឺម្ចាស់ហាងយីហោភោជនីយដ្ឋានល្បីក្នុងប្រទេសកូរ៉េ ដោយមានអាជីវកម្មជោគជ័យក្នុងដៃយ៉ាងច្រើន។
៥. តារាសម្ដែងស្រី Shin Joo Ah
Shin Joo Ah បានបង្ហាញខ្លួនលើកដំបូងចូលប្រឡូកក្នុងសិល្បៈក្នុងឆ្នាំ ២០០៤ នាងទទួលបានចាប់អារម្មណ៍ និង អ្នកតាមដានច្រើនបន្ទាប់ពីនាងបានរៀបការជាមួយនឹងមហាសេដ្ឋីចិនកាត់ថៃ ក្នុងឆ្នាំ ២០១៤។ ហើយស្វាមីនាងគឺជាម្ចាស់ JBP International Paint – Shin ដែលជាក្រុមហ៊ុនធំនៅក្នុងប្រទេសថៃ៕