ម្នាក់ទៀតហើយ! តារាស្រីហុងកុងម្នាក់ បញ្ចប់ជី.វិ.តខ្លួនឯង នៅវ័យ ៤៧ ឆ្នាំ
កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ រឿងរ៉ាវដែលគួរឱ្យរន្ធត់បានកើតមានឡើង ដោយតារាសម្ដែងស្រីហុងកុង Lai Suk Yin ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះ នៅវ័យ ៤៧ ឆ្នាំ។
តាមព័ត៌មានបានឱ្យដឹងថា តារាសម្ដែងស្រីរូបនេះ បានព្យាយាមធ្វើអត្តឃាតខ្លួន ដោយការដុតធ្យូងនៅក្នុងផ្ទះរបស់នាងនៅតំបន់ Mongkok ក្រុងហុងកុង។ នាង ត្រូវបានកូនប្រុសរបស់នាងប្រទះឃើញបាត់បង់ស្មារតីនៅរសៀលថ្ងៃដដែលនោះ។ តារាសម្ដែង Suk Yin ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ប៉ុន្តែជាអកុសល គ្រូពេទ្យនៅតែមិនអាចសង្គ្រោះនាងបាន។
បើតាមការបញ្ជាក់ពីអតីតស្វាមីរបស់នាង ថ្លែងប្រាប់សារព័ត៌មានថា លោកបាននិយាយជាមួយអតីតប្រពន្ធកាលពី ២ សប្ដាហ៍កន្លងទៅ ដោយនាងគ្មានបង្ហាញពីបញ្ហាអ្វីនោះឡើយ។
ដំណឹងដ៏រន្ធត់មួយនេះ បានធ្លាយឡើង ត្រឹមមួយថ្ងៃ ក្រោយតារាស្រីរូបនេះ ត្រូវបានមហាជនជាច្រើនឃើញបង្ហាញក្ដីសប្បាយរីករាយ អបអរថ្ងៃបុណ្យណូអែលជាមួយក្រុមគ្រួសាររបស់នាង។ បច្ចុប្បន្ន ខាងប៉ូលិសកំពុងបន្តដាក់ការស៊ើបអង្កេតរកមូលហេតុបណ្ដាលឱ្យតារាសម្ដែងរូបនេះ សម្រេចបញ្ចប់ជីវិតខ្លួនឯងបែបនេះ៕