ឃើញមុខសុភាពៗ តែស្ងាត់ៗតារា TikTok កូរ៉េដ៏ល្បី «MAMA Boy» ជាប់ប្រកាន់ពីបទបំពានលើនារីជាមិត្តភក្តិ
កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោក Seo Won Joeng តារា TikTok ល្បីម្នាក់ដែលត្រូវបានគេស្គាល់ថា MAMA Boy មានវ័យ ២០ ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទបៀតបៀនផ្លូវភេទលើនារីមានស្ថានភាពស្រវឹង។ ក្នុងហេតុការណ៍នេះ ក៏មានបុរសម្នាក់ទៀតចូលរួមផងដែរ។
បើតាមការរាយការណ៍ចេញពីសារព័ត៌មានកូរ៉េ SBS បានឱ្យដឹងថា ដំបូងឡើយ A និង មិត្តភក្តិប្រុសម្នាក់ទៀតបានបបួលមិត្តភក្តិស្រីម្នាក់ផឹក ហើយបង្ខំនាងឱ្យផឹករហូតដល់សន្លប់ បន្ទាប់មក A និង មិត្តភក្តិប្រុសនោះ បាននាំនាងទៅផ្ទះរបស់គាត់។
អ្នកទាំងពីរបានធ្វើសកម្មភាពរំលោភរហូតដល់នាងភ្ញាក់ដឹងខ្លួន ទើបនាងបានទូរស័ព្ទទៅប្តឹងប៉ូលិស ក្រោយពីប៉ូលិសមកដល់ A មិនបានបើកទ្វារឱ្យប៉ូលិសនោះទេ រហូតដល់សុំជំនួយអន្តរាគមន៍ពីពន្លត់អគ្គីភ័យ ត្រូវបំបែកទ្វារ ទើបឃាត់ខ្លួនបុរសទាំងពីរបាន។
ទោះជាយ៉ាងណា តាមការឱ្យដឹងបន្ថែមហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ បន្ទាប់ពីប៉ូលិសបានឃាត់ខ្លួន A និង អ្នកពាក់ព័ន្ធម្នាក់ទៀត មកសាកសួរចម្លើយ ក្រោយរងការចោទប្រកាន់ពីបទរំលោភ បើទោះជា A បានសារភាពក្នុងពេលសាកសួរថាសកម្មភាពផ្លូវភេទនេះគឺជាការព្រមព្រៀងក៏ដោយ និង មិនមានភស្តុតាងបែបនេះត្រូវបានរកឃើញនៅលើទូរស័ព្ទរបស់ពួកគេ។
សូមបញ្ជាក់ផងដែរថា MAMA Boy ទទួលបានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីលោកចាប់ផ្តើមបង្កើតមាតិកាបង្ហោះនៅលើ TikTok ក្នុងឆ្នាំ ២០២០ មានចំនួនអ្នកតាមដាន ជាង ៥៥.៦ លាននាក់ ហើយលោកក៏បានបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ។ ហើយ MAMA Boy នឹងត្រូវបង្ហាញខ្លួនចូលបំភ្លឺនៅសវនាការដំបូងរបស់តុលាការនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤៕