លែងទុកទៀត! ស្រីស្រស់ Thisa ចេញមកទម្លាយការពិតហើយ ក្រោយមហាជនសង្ស័យថាទាក់ទងគ្នានឹង Euro
មួយរយៈធំមកហើយ ដែលមហាជនអ្នកគាំទ្រផ្ទុះការសង្ស័យពីទំនាក់ទំនងរវាងតារាសម្ដែងស្រី Thivarit Thisa និង កំលោះរូបសង្ហា Euro Yotsawat ព្រោះនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម តារាប្រុសស្រីគូនេះ តែងបង្ហោះរូបភាពស្និទ្ធស្នាល និង ផ្អែមល្ហែមគ្នាខ្លាំងខុសពីធម្មតា។
ទោះបីមានការសង្ស័យ និង មានព័ត៌មានចេញផ្សាយព្រោងព្រាតពីអ្នកទាំងពីរក៏ដោយ ក៏ស្រីស្រស់ Thisa និង អ្នកកំលោះ Euro មិនបានចេញមកប្រតិកម្មអ្វីឡើយ ហើយគេនៅតែបន្តបង្ហោះរូបភាពផ្អែមល្ហែមដូចដើម ដែលជាហេតុនាំឱ្យមហាជនកាន់តែសង្ស័យថាទំនាក់ទំនងពួកគេលើសពីព្រំដែនមិត្តភាព។
យ៉ាងណាមិញ ព្រោះតែមានការជជីកសួរដេញដោលច្រើន កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ តារាស្រី Thisa បានចេញមកទម្លាយច្បាស់ៗថា ៖ «សម្រាប់រឿងស្នេហា នាងពុំមានអ្វីត្រូវនិយាយឡើយ។ ពេលនេះមានអ្នកមកទាក់ទងខ្លះ តែមិនបានផ្តោតទេ សុំបណ្ដោយទៅតាមព្រេងវាសនាសិន។ ខណៈនេះនាងនៅទំនេរ មិនទាន់មានពាក់ព័ន្ធនឹងបុរសណាឡើយ។ រីឯរឿងរ៉ាវនាងជាមួយនឹង Euro ត្រឹមតែជាមិត្តស្និទ្ធស្នាលប៉ុណ្ណោះ ណាមួយសម្ដែងជាមួយគ្នាទើបនាំឱ្យមហាជនមានការផ្គូផ្គង តែនាងក៏មិនថាដែរ ឱ្យតែមហាជនសប្បាយចិត្ត ព្រោះអ្នកទាំងពីរដឹងខ្លួនច្បាស់ថាជាអ្វី»៕