អន់ចង់! Soo young ទរអ្នកគាំទ្របុរស ២ នាក់ឡើងចត់បាយ ដែលចង់ញ៉ែសុំលេខទូរស័ព្ទ
ថ្មីៗនេះ រឿងរ៉ាវរបស់តារាចម្រៀងស្រី Soo young សមាជិក Girls’ Generation បានបង្ហាញខ្លួនចូលរួមក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីកម្សាន្តមួយ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣។
យ៉ាងណាមិញ អ្នកនិយមលេងក្នុងបណ្តាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នេហាដ៏យូរអង្វែងរបស់សមាជិក Girls’ Generation រូបនេះ ចំពោះមិត្តប្រុសរបស់នាង គឺតារាសម្ដែងប្រុស Jung Kyung Ho ដែលស្រឡាញ់គ្នាអស់រយៈពេល ១០ ឆ្នាំមកហើយនៅតែផ្អែមល្ហែម។
ដោយឡែក អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែមានសង្ឃឹមខ្លាំងនឹងទំនាក់ទំនងស្នេហារបស់ Soo young និង Jung Kyung Ho បន្ទាប់ពីនាងបានទម្លាយរឿងមួយថា មានអ្នកគាំទ្របុរសរបស់នាង ២ នាក់មានវ័យខ្ទង់ ២០ ឆ្នាំស្តើង ធ្លាប់មកចែចង់សុំលេខទូរស័ព្ទរបស់នាង។
ក្នុងនោះដែរ Soo young បាននិយាយថា៖ «ដំបូងឡើយ ខ្ញុំគិតថាពួកគេគ្រាន់តែសុំខ្ញុំថតរូបជាមួយនឹងគ្នាទេ ហើយខ្ញុំក៏ញញឹមស្វាគមន៍ដោយយល់ព្រមថតក្នុងនាមជាអ្នកគាំទ្រខ្ញុំ ប៉ុន្តែស្រាប់តែខ្ញុំក៏បានឮថាពួកគេសុំលេខទូរស័ព្ទរបស់ខ្ញុំ»។
មិនស្ទាក់ស្ទើរ តារាស្រីរូបនេះ បានបដិសេធភ្លាមៗមិនឱ្យលេខទូរស័ព្ទរបស់នាងទៅបុរសទាំងពីរនាក់ដាច់ខាត ហើយនាងបានបញ្ជាក់ច្បាស់ៗទៅអ្នកទាំងពីរនោះថា៖ «ខ្ញុំមានមិត្តប្រុសហើយ ហើយពួកយើងស្រឡាញ់គ្នា ១០ ឆ្នាំហើយ» នេះបង្ហាញឱ្យឃើញថា នាងបានបដិសេធដាច់ខាតតែម្ដង និង មិនរញ៉េរញ៉ៃនឹងបុរសផ្សេងក្រៅពីគូស្នេហ៍របស់នាងឡើយ៕