រត់ទៅនៅអាមេរិក ២ ឆ្នាំ Zheng Shuang នៅតែត្រូវសងជំងឺចិត្តជាង ១២ លានដុល្លារទៅដៃគូសហការនៅចិន
បើតាមការចុះផ្សាយរបស់ Sina បានឱ្យដឹងថា តុលាការស្រុក Songjiang ក្រុងសៀងហៃ បានចេញដីកាបង្ខំឱ្យអតីតតារាសម្ដែងស្រីចិន Zheng Shuang សងសំណងដល់ក្រុមហ៊ុនផលិតខ្សែភាពយន្ត ចំពោះការបំពានក្នុងកិច្ចសន្យា។
ក្នុងនោះបើតាមប្រភពដដែលបាននិយាយថា តារាស្រីរូបនេះ ត្រូវបង់ថ្លៃសងជំងឺចិត្តដល់ដៃគូចំនួន ១២ ៧១៧ ៨០០ ដុល្លារអាមេរិក ដោយបូកបញ្ចូលទាំងប្រាក់សំណង ៤ ២៨៦ ១២៥ ដុល្លារអាមេរិក ដែលតារាស្រីរូបនេះ ទទួលបានចំណូលពីក្រុមហ៊ុនចំនួន ៨ ៤៣២ ៧៦៩ ដុល្លារអាមេរិក។
ការតវ៉ាក្តីរវាងក្រុមហ៊ុនផលិតភាពយន្ត និង នាង Zheng Shuang គឺកើតឡើងដោយសារតែរឿងអាស្រូវជួលសេវាឱ្យគេពពោះជំនួស និង គេចពន្ធនៅឆ្នាំ ២០២១ ធ្វើឱ្យការងារសិល្បៈទាំងអស់របស់នាង ជាប់គាំងមិនអាចបញ្ចេញផ្សាយ។ ដូច្នេះហើយ ទើបខាងក្រុមហ៊ុនដាក់ពាក្យប្តឹងលើនាង ដោយសុំឱ្យនាងសងថ្លៃខូចខាតដល់ក្រុមការងារភាពយន្ត។
បច្ចុប្បន្នេះ អតីតតារាសម្ដែងស្រីរូបនេះ កំពុងត្រូវបានតុលាការបង្ខំឱ្យសងសំណងថ្លៃខូចខាតទៅដៃគូសហការជាច្រើន ប៉ុន្តែនាងមិនទាន់បានឆ្លើយតបនៅឡើយទេ ដោយសារតែនាងបានទៅរស់នៅសហរដ្ឋអាមេរិកអស់រយៈពេល ២ឆ្នាំមកហើយ មិនហ៊ានវិលត្រឡប់មកប្រទេសចិនវិញ ព្រោះខ្លាចបង្កបញ្ហាទៅកាន់ក្រុមគ្រួសារ៕