រួមរស់ជាប្ដីប្រពន្ធ ៦ ឆ្នាំ ឌុច លីដា ចង់ឮពាក្យសរសើរចេញពីមាត់ប្ដី
និយាយពីជីវិតឯកជនរបស់តារាសម្ដែងស្រីដ៏ឆ្នើម ឌុច លីដា ចាប់តាំងពីប្រែជីវិតនៅលីវ ទៅមានគ្រួសារមក ឃើញថានាង ហាក់ឃ្លាតឆ្ងាយពីវិថីសិល្បៈ ដោយយកពេលវេលាទៅមើលថែស្វាមី និង កូនប្រុសយ៉ាងយកចិត្តទុកដាក់ ធ្វើជាអ្នកម៉ាក់ដ៏ល្អផ្ដល់ភាពកក់ក្ដៅ ក៏ដូចជាក្ដីស្រឡាញ់យ៉ាងពេញលេញដល់គ្រួសារតូចរបស់នាង។
ពិតណាស់ មកដល់ពេលនេះ រយៈពេលជាង ៦ ឆ្នាំហើយ ដែលតារាស្រីរូបនេះ និង ស្វាមី បានចាប់ដៃគ្នាសាងគ្រួសារ និង ទទួលបានកូនប្រុសម្នាក់មានអាយុ ៣ ឆ្នាំហើយ ដែលអ្នកប្រុសតូចរូបនេះ ធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃ មុខមាត់ស្រស់សង្ហា កាត់តាមលោកប៉ាបន្តិចអ្នកម៉ាក់បន្តិច។
ដោយឡែក ខណៈរួមរស់សាងគ្រួសារជាមួយស្វាមីជាច្រើនឆ្នាំមកនេះ ថ្មីៗនេះ អ្នកនាង ឌុច លីដា បាននិយាយពោលសរសើរខ្លួនឯងដែលបំពេញតួនាទីជាភរិយាដ៏ល្អ មានបេះដូងស្មោះសចំពោះស្វាមី ព្រមទាំងបង្ហាញចិត្តចង់ឱ្យស្វាមីសរសើរខ្លួនផងដែរ។
កាលពីពេលកន្លងទៅ អ្នកនាង ឌុច លីដា បានបង្ហោះរូបភាពបង្ហាញការមើលថែស្វាមីយ៉ាងល្អ ភ្ជាប់ជាមួយសារបានរៀបរាប់ថា ៖ «ចង់ឱ្យលោកប្តីមើលរូបនេះ និង អានហើយរំភើបដែលបានមនុស្សស្រី រូបស្អាត ចិត្តបរិសុទ្ធ បេះដូងស្មោះសដូចអូន ជាភរិយា មនុស្សល្អដូចអូនមិនចេះសរសើរលើសពីការពិតទេ ៦ ឆ្នាំឥឡូវហើយមិនដែលឮប្តីសសើរទេ ចឹងសសើរខ្លួនឯងម្តង ហូវ»៕