ស្គាល់គាត់ឬទេ? នាដកា យឹម ទេវី តួអប្សរាសតជំនាន់ពីលោកយាយគ្រូ ជា សាមី បច្ចុប្បន្នជាគ្រូបង្ហាត់របាំបុរាណខ្មែរនៅអាមេរិក
បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបញ្ចប់ទៅ វិស័យសិល្បៈទាំងបុរាណ និង សម័យក៏ចាប់ផ្តើមរស់ឡើងវិញបន្តិចម្តងៗ។ ក្នុងនោះ បើនិយាយដល់នាដការបាំបុរាណដែលនៅសេសសល់ ក៏បានដុតដៃដុតជើងប្រមូលផ្តុំគ្នាដើម្បីធ្វើឱ្យរបាំបុរាណខ្មែរចាប់ផ្តើមមានព្រលឹងឡើងវិញផងដែរ។
ក្នុងចំណោមនោះក៏មាននាដការបាំបុរាណដ៏ល្បីម្នាក់គឺអ្នកគ្រូ ជា សាមី ផងដែរ ដែលអ្នកគ្រូគឺជាអតីតនាដកាឯកដ៏ឆ្នើមក្រោយសម័យសង្រ្គាមបនប្រល័យពូជសាសន៍ប៉ុលពត ល្បីណាស់ខាងលេងឫករាងនួនសមក្នុងអំឡុងទ.វ ៨០-៩០។ យ៉ាងណាមិញ លោកយាយគ្រូ ជា សាមី ក៏មានកូនសិស្សឆ្នើមម្នាក់ទៀត ឈ្មោះ យឹម ទេវី ដែលជាតួអប្សរាសតជំនាន់នោះមក ហើយនាដកា យឹម ទេវី ត្រូវបានគេដឹងថាជាសិស្សសំណព្វចិត្តរបស់លោកយាយគ្រូ ជា សាមី ថែមទៀតផង។
រំលងមកច្រើនឆ្នាំ ជឿជាក់ថាមានមហាជនមួយចំនួនក៏មានការនឹករឭកចំពោះនាដការូបនេះដែរ ដោយចង់ដឹងពីសុខទុក្ខ និង ជីវិតរស់បច្ចុប្បន្ន។ សម្រាប់ជីវិតបច្ចុប្បន្នរបស់នាដកា យឹម ទេវី ត្រូវបានគេដឹងថាកំពុងរស់នៅជាមួយនឹងក្រុមគ្រួសារលើទឹកដីសហរដ្ឋអាមេរិក ហើយការរស់នៅលើទឹកដីនោះទៀតសោត នាដកា យឹម ទេវី ក៏បានមិនបានបំភ្លេចជាតិកំណើតខ្លួនដែលជានាដការបាំបុរាណខ្មែរដែរ ដោយអ្នកគ្រូបានបើកបង្រៀន និង បង្ហាត់របាំនេះដល់កូនខ្មែរ និង បរទេសនៅទីនោះ ដែលស្តែងឱ្យឃើញពីការខិតខំផ្សព្វផ្សាយ និង ថែរក្សាវប្បធម៌កេរដំណែលខ្មែរឱ្យបានគង់វង់ផងដែរ៕