(វីដេអូ) ព្រះនាងតូច ជេនណា បង្ហាញអត្ថន័យក្បាច់របាំខ្មែរទៅកាន់ប្រជាជនចិន និង ពិភពលោកយ៉ាងរំភើប
នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ ប្រជាជនកម្ពុជាពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្រោយលេចព្រះវត្តមានព្រះនាងតូច នរោត្តម ជេនណា នៅក្នុងកម្មវិធីល្បីមួយ គឺ A World of Great Harmony របស់ស្ថានីយ៍ទូរទស្សន៍ CCTV ប្រទេសចិន។
ជាមួយការបង្ហាញព្រះវត្តមានលើឆាករបស់ស្ថានីយទូរស្សន៍អន្តរជាតិដ៏ល្បីល្បាញនេះដែរ ព្រះនាង ជេនណា បានពាំនាំយកនូវបទចម្រៀង វប្បធម៌ អរិយធម៌ខ្មែរ និង ការគ្រងនូវឈុតសម្លៀកបំពាក់បុរាណយ៉ាងស្រស់ស្អាត និង ប្រណីតដើម្បីផ្សព្វផ្សាយពីប្រទេសខ្មែរទៅកាន់អន្តរជាតិក្នុងនាមជាសែរាជវង្សខ្មែរ។
លើសពីនោះទៅទៀត ក្នុងបទសម្ភាសជាមួយនឹងពិធីករ ពិធីការិនីក្នុងកម្មវិធី ព្រះនាងតូច ក៏បាននាំយកសិល្បៈរបាំក្បាច់បុរាណខ្មែរ គឺ របាំអប្សរា ដែលជារបាំព្រះរាជទ្រព្យ និង មានអាយុកាលមកជាយូរយារទៅអធិប្បាយបង្ហាញផងដែរ។ អ្វីដែលរឹតតែសរសើរ និង មានមោទកភាពទៀតនោះ គឺព្រះនាងបានបង្ហាញនូវអត្ថន័យរបាំក្បាច់បុរាណខ្មែរ ដែលជារបាំមួយវិវឌ្ឍន៍ទៅតាមចលនានៃធម្មជាតិដើមឈើ ដូចមានក្បាច់ ដាំ ដុះ ត្រួយ ស្លឹក ផ្កា ផ្លែ ទុំជ្រុះជាដើម។
មិនត្រឹមប៉ុណ្ណោះ ព្រះនាងក៏បានបង្ហាញមនោសញ្ចេតនានៃរបាំខ្មែរផងដែរ ព្រោះថារបាំនីមួយៗគឺប្រើប្រាស់កាយវិការនៃការរាំ សម្ដែង ជាភាសាសម្រាប់បង្ហាញអារម្មណ៍ឱ្យគ្នាទៅវិញទៅមក។ ក្នុងនោះ រួមមានអារម្មណ៍ សប្បាយ កើតទុក្ខ ស្រឡាញ់ និង ក្បាច់ផ្សេងៗទៀត។ ខណៈដែលអត្ថាធិប្បាយបង្ហាញ គេឃើញថាមានការចាប់អារម្មណ៍ពីសំណាក់មហាជនចិនជាខ្លាំងណាស់ ហើយសម្រាប់អ្នកចូលទស្សនាផ្ទាល់ក្នុងកម្មវិធីបាននាំគ្នារៀនតាមព្រះនាងតូចថែមទៀតផង សូម្បីតែពិធីករ និង ពិធីការិនី៕