១ ឆ្នាំត្រឹម ឈិន ម៉ានិច្ច នៅតែសោកសៅ នឹកដល់លោកឱពុកគ្មានលស់មួយថ្ងៃ
កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ម្ចាស់ពានរង្វាន់ Cambodia Idol រដូវកាលទី ២ ឈិន ម៉ានិច្ច បានប្រកាសដំណឹងដ៏សោកសៅក្រៀមក្រំតាមរយៈគណនីហ្វេសប៊ុក បានជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងជីវិតគ្មានថ្ងៃត្រឡប់ គឺលោកឪពុកបង្កើតរបស់នាងបានទទួលមរណភាព។
បើគិតមកទល់ពេលនេះ រយៈពេល ១ ឆ្នាំហើយ ដែលឪពុករបស់តារាចម្រៀងស្រីរូបនេះ បានឃ្លាតឆ្ងាយពីកូនចៅ បន្សល់តែភាពអាឡោះអាល័យជាពន់ពេក។
ដោយក្តីនឹករឭកដល់លោកឱពុកខ្លាំងពេក ស្រាប់តែនៅថ្មីនេះ ឈិន ម៉ានិច្ច បានបង្ហោះនូវពាក្យពេចន៍ដ៏សោកសង្រេងបញ្ជាក់ពីទំហំចិត្តទៅកាន់វិញ្ញាណក្ខន្ធលោកឱពុកនៅលើគណនីហ្វេសប៊ុកថា ៖ «ថ្ងៃទី 8/12/2022 ជាថ្ងៃពុកបានលាចាកពីលោកនេះទៅ ថ្ងៃនេះគម្រប់ខួប ១ ឆ្នាំនូវការបាត់បង់លោកពុកជាទីស្រឡាញ់របស់កូន កូននៅតែមានក្តីនឹករឭកដល់ពុកគ្រប់ពេល នឹកអនុស្សាវរីយ៍កន្លងដែលមានទាំងសុខ និងទុក្ខជាមួយគ្រួសារដ៏តូចនេះ 🙏សូមបុណ្យកុសលដែលកូនៗ និង ម៉ែបានធ្វើ បានដល់ពុក សុឹម សារ៉ុម កុំបីឃ្លាតៗឡើយ»៕