ចូលរួមមង្គលការ ឃុន វុត្ថា ស្រាប់តែ សុភ័ក្រ កុសុម៉ា ធ្លោយមាត់ មិនដឹងអង្កាល់ដល់វេនខ្លួនឯងម្ដង
ទីបំផុតស្នេហារវាងតារាចម្រៀង ឃុន វុត្ថា និង គូស្នេហ៍ បានឈានដល់កោះត្រើយហើយ ដោយអ្នកទាំងពីរបានកាន់ដៃគ្នាចូលរោងការតាមប្រពៃណី នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ ម្សិលមិញនេះ។
មង្គលការរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ និង ភរិយា គេសង្កេតឃើញមានវត្តមានភ្ញៀវកិត្តិយសជាអ្នកមានមុខមាត់ក្នុងសង្គម ជាពិសេសសិល្បករ សិល្បការិនីល្បីៗជាច្រើន បានតុបតែងខ្លួនស្អាតខ្ញង់ៗ ប្រជែងសម្រស់គ្នាចូលរួមមង្គលការលោក ឃុន វុត្ថា ដែលញ៉ាំងឱ្យកម្មវិធីមួយនេះ កាន់តែកក់ក្ដៅ និង អធិកអធមទ្វេដង។
ក្នុងចំណោមសិល្បករល្បីៗជាច្រើន ក្នុងនោះគេក៏ឃើញពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា បានស្លៀករ៉ូបក្រហមរំលេចសម្រស់ស្អាតខ្ញង់ បណ្ដើរតារាចម្រៀង គឿន នភាល័យ ដែលជាមិត្តជិតដិត ទៅចូលរួមជូនពរថ្ងៃពិសេសរបស់លោក ឃុន វុត្ថា និង ភរិយាប្រកបដោយសេចក្ដីរីករាយជំនួសកូនកំលោះកូនក្រមុំ។
ខណៈឃើញមិត្តភក្ដិ ក៏ដូចជាមនុស្សជុំវិញខ្លួន រកឃើញស្នេហ៍ពិត និង បណ្ដើរគ្នាចូលរោងការម្ដងម្នាក់ៗ ស្រាប់តែ សុភ័ក្រ កុសុម៉ា ធ្លោយមាត់ថា ៖ «ទៅតែការគេចង់ខ្យល់ហើយ កាលការខ្ញុំម្ដងណ៎»។ គេចាំបានថា កាលចូលរួមកិច្ចសម្ភាសជាមួយកម្មវិធី អ្នកជិតខាង កន្លងមក តារាស្រីរូបនេះ ក៏ធ្លាប់បង្ហើបថា កញ្ញាចង់រៀបការមានស្វាមី ចង់បង្កើតគ្រួសារតូចដូចគេឯងដែរ គ្រាន់តែពេលនេះ មិនទាន់រកឃើញមនុស្សច្បាស់លាស់ប៉ុណ្ណោះ៕