(វីដេអូ) ព្រឺសប្បុរ! ពេជ្រ វត្តីសារ៉ាវឌ្ឍី បានតំណែងសំខាន់ក្នុងព្រឹត្តិការណ៍ «រាត្រីចងចាំ» ឆ្នាំនេះ
ដើម្បីចូលរួមអបអរសាទរខួបទី ៣១ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ ក្រសួងវវប្បធម៌ និង វិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ «រាត្រីចងចាំ» លើកទី ៤ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ ក្នុងព្រឹត្តិការណ៍វប្បធម៌នេះ នឹងមានទស្សនីយភាពសិល្បៈជាច្រើនទម្រង់ ព្រមទាំងមានការចូលរួមសម្តែងដោយសិល្បករ សិល្បការិនីជាច្រើនរូបថែមទៀតផង។
តួយ៉ាង ផ្ទាំងទស្សនីយភាព «ព្រះបាទជ័យវរ្ម័នទី ៧» នឹងលើកយកមកសម្តែងជូនក្នុងព្រឹត្តិការណ៍ខាងលើនេះដែរ ដោយក្នុងនោះសិល្បករ សិល្បការិនីជាច្រើនរូប កំពុងតែហ្វឹកហាត់សមត្រៀមរួចជាស្រេចទៀតផង។ ក្នុងនោះដែរ តួអង្គសំខាន់ៗនៃផ្ទាំងទស្សនីយភាព «ព្រះបាទជ័យវរ្ម័នទី ៧» មានការចូលរួមសម្តែងដោយ លោក ទេព រិន្ធដារ៉ូ ជាតួព្រះបាទជ័យវរ្ម័នទី ៧ លោកជំទាវ ចន ចន្ទលក្ខិណា ជាតួព្រះនាង ឥន្ទ្រទេវី និង កញ្ញា ពេជ្យ វត្តីសារ៉ាវឌ្ឍី ជាតួ ព្រះនាង ជ័យរាជទេវី។
ជាការពិត នេះគឺជាការចូលរួមលើកទី ១ នៃការសម្តែងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យក្នុងកម្មវិធី «រាត្រីចងចាំ» របស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ពិតមែន ប៉ុន្តែនាងបានក្តោបតំណែងយ៉ាងសំខាន់ ព្រមទាំងធ្វើបានល្អបំផុតស្របពេលកំពុងហ្វឹកហាត់សម។
ក្នុងនោះ អ្នកគាំទ្រក៏កំពុងតែផ្ទុះការសរសើរ និង ព្រឺសប្បុរគ្រាន់តែឈុតឆាកសមបានបង្ហោះឡើងលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok នោះ៕
ប្រភពរូបភាព & វីដេអូ៖ រាត្រីចងចាំ