ស្ពាយឈ្មោះមេម៉ាយ ១០ ឆ្នាំ សុខ សោម៉ាវត្តី ជឿជាក់លើខ្លួនឯងរឿងមួយ មានមិនចាញ់អ្នកដទៃ
បើគិតមកពេលនេះ រយៈពេលប្រមាណជា ១០ ឆ្នាំ មកហើយ ដែលតារាស្រី សុខ សោម៉ាវត្តី ស្ពាយឈ្មោះជាស្ត្រីមេម៉ាយកូន ១ យ៉ាងរឹងមាំ។ ក្នុងនោះ គេក៏បានដឹងថា ក្រោយពីបែកបាក់នឹងអតីតស្វាមីតារាស្រីរូបនេះ ក៏ធ្លាប់បានភ្ជាប់ចំណងស្នេហ៍នឹងកីឡាករបាល់ទាត់ លី វ៉ាហេទ ដែរ ប៉ុន្តែមកដល់ពេលនេះអ្នកទាំង ២ បានចែកផ្លូវគ្នាជាងមួយឆ្នាំហើយ។
ចាប់តាំងពីបែកបាក់ស្នេហ៍មក សុខ សោម៉ាវត្តី បានបិទទ្វារបេះដូងមិនទាន់រកឃើញអ្នកមើលថែថ្មីនៅឡើយទេ ដោយកន្លងមកនេះ តារាសម្ដែងស្រីរូបនេះ មមាញឹកលើការងារសិល្បៈផង ហើយមានពេលវេលាសម្រាកពីការងារ សុខ សោម៉ាវត្តី មកបំពេញតួនាទីធ្វើជាម្ដាយ មើលថែផ្ដល់ភាពកក់ក្ដៅឱ្យកូនស្រី ព្រោះថាកូនស្រីគឺជាបេះដូង និង កែវភ្នែករបស់នាង។
មិនទាន់បង្ហាញមុខស្នេហ៍ថ្មីមិនមែនជាន័យថា សុខ សោម៉ាវត្តី ដាច់អហង្ការមិនព្រមបើកបេះដូងទទួលបុរសណាម្នាក់មកស្អំបេះដូងដែលរងរបួសនោះទេ គ្រាន់តែនាងមិនទាន់ជួបបុរសត្រូវចិត្តប៉ុណ្ណោះ ព្រោះថាកន្លងមកអ្នកមេម៉ាយរូបនេះ ក៏ធ្លាប់បង្ហោះសារហាក់ប្រកាសបើកភ្លើងខៀវចំពោះរឿងស្នេហានៅលើគណនីហ្វេសប៊ុកដែរ។
ខណៈស្ពាយឈ្មោះមេម៉ាយច្រើនឆ្នាំ ស្រាប់តែថ្មីៗនេះ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះសារមួយឃ្លាយ៉ាងមានន័យថា៖ «កុំយកអ្នកណាមកប្រៀបធៀបនឹងខ្ញុំ។ គេស្អាតបែបគេ ខ្ញុំស្អាតបែបខ្ញុំ! តែរឿងម៉្យាង ដែលខ្ញុំប្រាកដចិត្តនោះគឺ ខ្ញុំមានទឹកចិត្តស្អាត»៕