Angelina Jolie ទម្លាយចង់ឈប់ពីការសម្ដែង និង គ្រោងមករស់នៅកម្ពុជា
កំពូលតារាសម្ដែងស្រី Angelina Jolie ថ្មីៗនេះ បានទម្លាយថា លោកស្រីចង់លាឈប់ពីការសម្ដែង និង មានគម្រោងចង់ចាកចេញពី Los Angeles សហរដ្ឋអាមេរិក មកចំណាយពេលវេលាដ៏រីករាយឱ្យបានយូរនៅផ្ទះនាប្រទេសកម្ពុជា ក្រោយលោកស្រីមិនអាចធ្វើដំណើរទៅណាបានដោយសេរី ខណៈកំពុងជាប់ជំពាក់ជំពិននឹងវិវាទក្ដីក្ដាំលែងលះគ្នាជាមួយអតីតស្វាមី Brad Pitt។
កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងស្រីវ័យ ៤៨ ឆ្នាំរូបនេះ បានទម្លាយពីអ្វីដែលលោកស្រីមិនពេញចិត្តលើវិស័យសិល្បៈនៅហូលីវូដ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី WSJ. Magazine ដោយបានរៀបរាប់ថា លោកស្រីនឹងមិនក្លាយជាតារាសម្ដែងឡើយ ប្រសិនបើចូលក្នុងវិស័យហ្នឹងឥលូវនេះ។
បន្ថែមពីនេះ លោកស្រី Angelina Jolie ក៏បានរៀបរាប់ទៀតថា លោកស្រីចង់ចាកចេញពីឱ្យកាន់តែលឿនតាមដែលអាចធ្វើបាន ទៅរស់នៅដោយរីករាយនាឯផ្ទះនៅកម្ពុជា។ យ៉ាងណាមិញ ដោយសារតែបញ្ហាវិវាទលែងលះគ្នាជាមួយអតីតស្វាមី នៅមិនទាន់មានដំណោះស្រាយ ដូចនេះ លោកស្រីនៅមិនអាចទៅណាបាននោះឡើយ៕