រំភើបជំនួស! ពូឃ្លាំង ប្រកាសផ្តល់អាហារូបករណ៍ដល់ ម៉ៅ កាន និង អន ផានិត សិស្សនិទ្ទេស A នៅកំពត បានបន្តកាសិក្សានៅភ្នំពេញ ៤ ឆ្នាំពេញ
កាលពីថ្ងៃទី ០៦ និងទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅទូទាំងរាជធានី-ខេត្ត នៅកម្ពុជាបានបញ្ចប់ទៅដោយរលូន។ យ៉ាងណាមិញ ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេលជិតកន្លះខែមក នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងនេះ ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល ត្រូវបានក្រសួងប្រកាសហើយ។
លើសពីនេះទៅទៀតនោះ មហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងក្នុង TikTok ជាដើមនោះ បានផ្ទុះការចាប់អារម្មណ៍ ដោយមានទាំងការសរសើរ និង បង្ហាញក្ដីអាណិតអាសូរជាខ្លាំងទៅលើបេក្ខជនប្រឡងមួយចំនួនធំដែលខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងគ្រួសារមានភាពខ្វះខាតជាខ្លាំង រហូតទទួលបានលទ្ធផលប្រឡង ឬ និទ្ទេសយ៉ាងល្អ។
ជាមួយគ្នានោះដែរ ថ្មីៗនេះ ដោយយោងតាមគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងជើងចាស់ ពូឃ្លាំង បានបង្ហោះសារដោយភ្ជាប់ជាមួយនឹងរូបភាពរបស់យុវសិស្សនិទ្ទេស A ២ រូបដែលមកពីវិទ្យាល័យ សម្ដេចជាស៊ីម អង្គរជ័យ ខេត្តកំពត មានឈ្មោះថា ម៉ៅ កាន និង អន ផានិត ដោយសារតែយុវជនដ៏កម្សត់ទាំង ២ រូបនេះបានកើតនៅក្នុងគ្រួសារមួយមានជីវភាពមិនធូរធារ ហើយថែមមានឪពុកម្ដាយជាជនពិការថែមទៀតផង។
ដោយយោងតាមការបង្ហោះរបស់ ពូឃ្លាំង បានឱ្យដឹងថា លោកនឹងផ្តល់អាហារូបករណ៍ សំរាប់សិក្សារយៈពេល ៤ ឆ្នាំនៅសាកលវិទ្យាល័យ បញ្ញាជាតិ ហើយថែមទាំងជួយស្វែងរកជំនួយ សម្រាប់ផ្តល់កន្លែងស្នាក់នៅ នឹងការងារដើម្បីរកចំណូលបន្ថែមផ្គត់ផ្គង់ការសិក្សា និងជួយដល់អ្នកផ្ទះបាន។ មិនតែប៉ុណ្ណោះ លើសពីនេះអ្នកទាំង ២ ខាងលើ ពូឃ្លាំង ក៏បានប្រកាសក្ដែងៗថា លោកនឹងផ្ដល់អាហារូបករណ៍ សំរាប់សិក្សារយៈពេល ៤ ឆ្នាំនៅសាកលវិទ្យាល័យ បញ្ញាជាតិ ដូចគ្នា សម្រាប់សិស្សដែលមានជីវភាពខ្វះខាតខ្លាំង ដោយមិនគិតពីនិទ្ទេស ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌទាំងនេះ៕