ទើបអាយុ ១១ ឆ្នាំ កូនប្រុសឧកញ៉ា ខេមរៈ សិរីមន្ត ចេះបង្កើត Brand និង ច្នៃម៉ូដអាវដោយខ្លួនឯង បំបុកលក់លើអនឡាញ
បើនិយាយពីជីវិតគ្រួសាររបស់កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត គិតមកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកបានសាងចំណងស្នេហ៍រៀបការនឹងភរិយា គឺអ្នកនាង ផល្លី ជាម្ចាស់ប្រ៊េនម៉ាកទឹកអប់ល្បីឈ្មោះនាំចូលពីប្រទេសបារាំង Or Brand។ មកដល់ពេលនេះលោកឧកញ៉ា ខេមរៈ សិរីមន្ត និង ភរិយា ក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ហើយដែរ។
បើក្រឡេកទៅមើលកូនប្រុសស្រីទាំង ៣ នាក់ របស់ឧកញ៉ា ខេមរៈ សិរីមន្ត វិញ គិតមកដល់ចុងឆ្នាំ ២០២៣ នេះ កូនប្រុសច្បងឈ្មោះ ខេមរៈ មន្តស្នេហ៍ មានអាយុ ១១ ឆ្នាំ កូនស្រីទី ២ មានឈ្មោះ ខេមរៈ មន្តស្ត្រី អាយុ ៧ ឆ្នាំ និង កូនស្រីពៅមានឈ្មោះ ខេមរៈ មន្តរាជិនី អាយុ ៥ ឆ្នាំ ហើយ។ ជាមួយគ្នានោះ ឃើញថាកូនៗទាំង ៣ របស់ឧកញ៉ា កាន់តែធំកាន់តែស្រស់ស្អាត ឆ្លាតៗ រៀនពូកែ និង គួរឱ្យស្រឡាញ់ខ្លាំង។
ដោយឡែក ថ្មីៗនេះ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៀតចំពោះកូនៗរបស់កំពូលតារាចម្រៀងរូបនេះ ខណៈបានឃើញលោកបង្ហោះសារបង្ហាញក្ដីរំភើបចិត្តខ្លាំង ដែលបានឃើញកូនប្រុសច្បងវ័យ ១១ ឆ្នាំ ចេះបង្កើតមុខជំនួញដោយខ្លួនឯង ពោលគឺកុមារា ខេមរៈ មន្តស្នេហ៍ បានបង្កើត Brand និង ឌីហ្សាញម៉ូដអាវផ្ទាល់ខ្លួន ដាក់លក់លើទីផ្សារអនឡាញទៀតផង។
ក្នុងនោះ ឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់ថា ៖ «រំភើបណាស់កូនប្រុសខ្ញុំទើបអាយុ ១១ ឆ្នាំទេ ចេះបង្កើតប្រេនអាវ និង ឌីហ្សាញម៉ូដអាវដោយខ្លួនឯង ចាប់ផ្ដើមលក់ហើយជួយគាំទ្រគាត់ផង ចង់និយាយថាម៉ូដអាវគាត់ឌីហ្សាញស្ទាវម៉ងចង់និយាយចឹង»៕