ក្នុងនាមជារៀមច្បង រ៉េត សារីតា ប្រើពាក្យទាំងនេះលួងលោម ចន សុទីម៉ា ខណៈមិនបានចូល Top ណាមួយ
កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក Miss Universe នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលានៅកម្ពុជា ម្សិលមិញនេះ បានរកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss Universe ប្រចាំឆ្នាំ ២០២៣ ហើយ ដែលបានទៅលើបវរកញ្ញាតំណាងប្រទេស Nicaragua កញ្ញា Sheynnis Palacios Cornejo។
ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីលំដាប់ពិភពលោកនេះដែរ ចំពោះបវរកញ្ញាតំណាងកម្ពុជា ចន សុទីម៉ា វិញ គឺមិនមានឱកាសឈានចូល Top ណាមួយនៃកម្មវិធីប្រកួតដ៏អស្ចារ្យនេះឡើយ ប៉ុន្តែយ៉ាងណាក៏នាងបានខំប្រឹងអស់ពីសមត្ថភាពរបស់នាងហើយ និង ធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះដែរ។
ក្នុងនោះមហាជនអ្នកគាំទ្រជាច្រើនរបស់ ចន សុទីម៉ា ក៏ហាក់សោកស្តាយផងដែរ ដោយនាងមិនអាចឈានដល់វគ្គ Top បាន តែយ៉ាងណាក៏ដោយមហាជនអ្នកគាំទ្រក៏រំភើប និង មានមោទកភាពលើរូបនាងយ៉ាងខ្លាំង ហើយនាងពិតជាធ្វើបានល្អណាស់នៅលើឆាកដ៏ធំមួយនេះសម្រាប់កម្ពុជា។
យ៉ាងណាមិញ ក្រឡេកមើលបណ្ដាញសង្គមហ្វេសប៊ុករបស់បវរកញ្ញារៀមច្បង រ៉េត សារីតា ខណៈ ចន សុទីម៉ា មិនមានឱកាសចូល Top នោះ ក៏បានឃើញនាងបង្ហោះសារលើកទឹកចិត្តសិស្សប្អូនយ៉ាងមានន័យ និង ពេញដោយក្ដីមោទកភាពដែលនាងបានធ្វើយ៉ាងល្អលើឆាកមួយនេះ។
ក្នុងនោះ រ៉េត សារីតា បានសរសេររៀបរាប់ថា ៖ «ប្អូនធ្វើបានល្អណាស់។ ជាប់ឬមិនជាប់ វាមិនបានបញ្ជាក់ពីភាពខ្លាំង ឬខ្សោយ ស្អាត ឬមិនស្អាតនោះទេ។ យើងទៅនេះ គឺបំពេញតួនាទីតំណាងឱ្យប្រទេសយើង។ អ្នកដែលនិយាយ ថា ស្តី មិនដឹងពីផលលំបាកយើងទេ។ សំខាន់ឱ្យតែបានធ្វើអស់ពីចិត្ត និង សមត្ថភាព គឺវាគ្រប់គ្រាន់ហើយ»៕