ចុះពីឆាកប្រកួត ចន សុទីម៉ា សូមទោសអ្នកគាំទ្រកម្ពុជាទាំងក្ដុកក្ដួល ដែលធ្វើឱ្យខកចិត្ត
កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ គឺជាថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់កម្មវិធី Miss Universe 2023 ហើយក៏បានរកឃើញរាជិនីគ្រងមកុដដែរ គឺបានទៅលើនាង Sheynnis Palacios ជាបវរកញ្ញារបស់ប្រទេសនីការ៉ាហ្គ័រ។
ដោយឡែក ងាកមកបវរកញ្ញាប្រទេសយើងវិញនោះគឺកញ្ញា ចន សុទីម៉ា មិនបានចូល Top មួយណាឡើយ តែអ្វីដែលអ្នកគាំទ្របវកញ្ញារូបនេះបានឃើញនោះគឺ បន្ទាប់ពីបញ្ចប់បេសកកម្មលើឆាកអន្តរជាតិនៃកម្មវិធី MU 2023 រួចរាល់ ចន សុទីម៉ា បានបង្ហោះសារមួយនៅលើគណនីផេករបស់ខ្លួនដោយរៀបរាប់ថា៖ «នាងខ្ញុំបានបំពេញតួនាទី និង ភារកិច្ចក្នុងការតំណាងឱ្យកម្ពុជានៅលើឆាកបវកញ្ញាចក្រវាលលើកទី ៧២ ចប់រួចរាល់ជាស្ថាពរហើយ នាងខ្ញុំបានឃើញរាល់ការលើកទឹកចិត្ត និង គោលបំណងរបស់ប្រជាជាតិរួមគ្នាតែមួយ នាងខ្ញុំពិតជារំភើប និង នឹកស្មានមិនដល់ថាបងប្អូនប្រជាជនយើងមានការរួបរួមគ្នាខ្លាំងដល់ថ្នាក់នេះសោះ នេះជាការចងចាំដែលមិនអាចបំភ្លេចបានសម្រាប់នាងខ្ញុំ»។
ក្នុងនោះផងដែរ បវរកញ្ញា ចន សុទីម៉ា បានបន្តរៀបរាប់ថា៖ «នាងខ្ញុំសុំទោសដែលមិនអាចយកតំណែងណាមួយជូនបងប្អូនទាំងអស់គ្នាបាន សុំទោសដែលធ្វើឱ្យបងប្អូនខកចិត្ត សុំទោសចេញពីបេះដូងពិតៗ ជាចុងក្រោយ នាងខ្ញុំនៅតែឈរដោយក្តីរឹងមាំ និង មានសង្ឃឹមថាអ្នកតំណាងរបស់កម្ពុជាយើងនៅឆ្នាំក្រោយៗ នឹងអាចយកតំណែងណាមួយក្នុងកម្មវិធីបវរកញ្ញាចក្រវាលឱ្យបាន នាងខ្ញុំរីករាយនឹងផ្តល់បទពិសោធដ៏ល្អៗសម្រាប់ពួកគាត់ដើម្បីទង់ជាតិកម្ពុជា ខ្ញុំពិតជាមានមោទកភាពណាស់ក្នុងនាមជាជនជាតិខ្មែរ តំណាងកម្ពុជា និង ស្រែកពាក្យថា CAMBODIA ដោយមានកិត្តិយស»៕