រាជិនីសំឡេង ម៉េង កែវពេជ្ជតា ផ្ទុះប្រតិកម្មក្រោយមាន Channel Youtube ខ្លះបង្ហោះបទចម្រៀងរបស់បងស្រី តែដាក់ឈ្មោះអ្នកផ្សេង
ទោះបីជាមហាជនភាគច្រើននិយមចូលចិត្តខ្លាំងទៅលើតារាចម្រៀងសម័យថ្មីក្តី ក៏ប៉ុន្តែមកទល់ពេលនេះក៏នៅតែមិនទាន់មានតារាជើងថ្មីណាម្នាក់អាចមកប្រៀបផ្ទឹមនឹងកំពូលតារាជើងចាស់រាជិនីសំឡេង ម៉េង កែវពេជ្ជតា បាននៅឡើយទេ ដោយតារាចម្រៀងរូបនេះនៅតែមានភាពលេចធ្លោ និង មានសមត្ថភាពខ្លាំងដដែលក្នុងពិភពសិល្បៈផ្នែកចម្រៀងនេះ។
កំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានប្រឡូកក្នុងពិភពសិល្បៈអស់រយៈពេលច្រើនទសវត្សរ៍មកហើយ ដោយអ្នកនាងតែងតែបំពេអារម្មណ៍មហាជនគ្រប់ស្រទាប់ឱ្យលង់ស្តាប់នូវមន្តសំនៀងផ្អែមមុតរបស់អ្នកនាងគ្រប់បទ គ្រប់ស្ទីល និង មកដល់ពេលនេះអ្នកនាងនៅតែទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីបណ្តាមហាជនទាំងក្នុងប្រទេស និង ក្រៅប្រទេស រហូតជាប់ងារថាជារាជិនីសំឡេងសម័យថ្មី។
ជាការពិត រាជិនីសំឡេងអ្នកនាង ម៉េង កែវពេជ្ជតា ក៏មានបងស្រីម្នាក់ជាតារាចម្រៀងមានឈ្មោះបោះសំឡេងខ្លាំងមួយរូបផងដែរ នោះគឺអ្នកនាង ម៉េង កែវេពេជ្របុប្ផា ដែលមានទឹកដមសំនៀងមិនចាញ់គ្នានោះឡើយ។
យ៉ាងណាមិញ ថ្មីៗនេះក៏បានឃើញអ្នកនាង ម៉េង កែវពេជ្ជតា បានផ្ទុះប្រតិកម្មជាខ្លាំង ក្រោយពីបានឃើញ Channel YouTub មួយចំនួនបានផុសបទចម្រៀងរបស់បងស្រីខ្លួន តែបែរជាមិនបានដាក់ឈ្មោះម្ចាស់សំនៀងដើម ធ្វើឱ្យអ្នកនាងបានបង្ហោះសារនៅលើគណនីផេកផ្ទាល់ខ្លួនថា ៖ «បទ «បងល្អលេីសគេ» ជាបទចម្រៀងល្បីខ្លាំង និង មានអាយុកាលជិតសាមសិបឆ្នាំហេីយ ដែលសំនៀងដេីមរបស់បងស្រីធំ ម៉េង កែវពេជ្របុប្ផា ជាបុត្រីច្បងនៃស្តេចទ្រសោ ម៉េង ហ៊ុន និង រាជនីអាយ៉ៃ កែវ សង្វាពេជ្រ ក៏ជាតារាចម្រៀងមួយដួងដែលមានកេរ្តិ៍ឈ្មោះថ្លៃថ្នូរដោយសារមានបទចម្រៀងល្បីៗផ្ទាល់ខ្លួនជាច្រេីនបទ។ យេីងបានឃេីញ Channel YouTube ពីរនេះយកសំនៀងរបស់បងស្រី ម៉េង កែវពេជ្របុប្ផា ប៉ុន្តែដាក់ឈ្មោះអ្នកផ្សេង? លេីសពេកហេីយ! មិនដឹងថាជាចេតនាចង់បន្លំ ចង់លេងសេីច ឬ ជាអចេតនាទេ។ ប៉ុន្តែបេីទោះជាក្នុងករណីណាក្តី យេីងសំណូមពរដល់ម្ចាស់ YouTube Channel ទាំងពីរ និង ផ្សេងៗទៀត មេត្តាកុំលេងបែបនេះ សូមកែតម្រូវវិញផង។ រស់លេីផែនដីតែមួយ ជាខ្មែរតែមួយ គួរកុំបំផ្លាញគេដេីម្បីខ្លួនឯង មិនល្អទេ!»៕