ផ្ទុះការចាប់អារម្មណ៍! ប្រទះឃើញ Rain និង Kim Tae Hee នាំកូនស្រីទាំងពីរដើរកម្សាន្តនៅអាមេរិក
ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតបានសម្ដែងការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញទិដ្ឋភាពយ៉ាងមានសុភមង្គលរបស់ក្រុមគ្រួសារតារាកូរ៉េដ៏ល្បី Rain និង Kim Tae Hee ដែលកន្លងមកត្រូវបានអ្នកគាំទ្រចាត់ទុកថាជាគ្រួសារគំរូមួយក្នុងវិស័យកម្សាន្ត។
ដូចដែលប្រិយមិត្តអ្នកគាំទ្របានដឹងមកហើយ ចាប់តាំងពី Rain និង Kim Tae Hee បានរៀបការជាមួយគ្នាក្នុងឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន ចំណងអាពាហ៍ពិពាហ៍របស់តារាទាំងពីរគឺមានសុភមង្គល និង រស់នៅចុះសម្រុងគ្នាជាខ្លាំង ហើយតែងតែទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាច្រើន។
ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រក៏នៅតែមិនទាន់បានឃើញពីមុខមាត់របស់កូនស្រីទាំង ២ របស់ Rain និង Kim Tae Hee នៅឡើយទេ បើទោះជាមានការប្រកាសស្វាគមន៍សមាជិករបស់អ្នកទាំងពីរក៏ដោយ ក៏តារាទាំងពីរនៅតែរក្សាភាពឯកជនភាពរបស់កូនៗគេចពីប្រព័ន្ធផ្សព្វផ្សាយដដែល។
តែទោះជាយ៉ាងណា ថ្មីៗនេះបើតាមការបង្ហោះពី QQ បានបង្ហាញឱ្យឃើញពីរូបថតគ្រួសាររបស់ Rain និង Kim Tae Hee បានបណ្តើរកូនស្រីទាំង ២ របស់ពួកគេ ដើរកម្សាន្តនៅឯសហរដ្ឋអាមេរិក ហើយនេះគឺជាឱកាសមួយដែលអាចឱ្យអ្នកគាំទ្របានឃើញពីការធំលូតលាស់របស់កូនៗទាំងពីររបស់ពួកគេ ទាំងដែលមិនធ្លាប់ឃើញពីមុន។
ក្នុងនោះដែរ ក៏អ្នកនិយមលេងអ៊ីនធឺណេតបានសម្ដែងការកោតសរសើរដល់ជីវិតអាពាហ៍ពិពាហ៍របស់តារាទាំងពីរយ៉ាងខ្លាំង មើលទៅកាន់តែមានសុភមង្គល និង ភាពកក់ក្តៅ សក្តិសមជាគ្រួសារតារាគំរូណាស់៕